កម្ពុជា-នូវែលសេឡង់ បន្តពង្រឹង និងពង្រីកកិច្ចសហ​ប្រ​តិ​​បត្តិ​ការ​ទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត

(ភ្នំពេញ)៖ នូវែលសេឡង់ បញ្ជាក់ពីភាពជាដៃគូ​ដ៏យូរ​អង្វែង​របស់កម្ពុជា ហេីយនឹងបន្តគាំទ្រ ក៏ដូចជាការ​ពង្រឹ​ង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេ​ភា​គី ឱ្យកាន់តែរឹងមាំថែមទៀត ។ នេះបើតាមបណ្ដាញ​សង្គម​សម្ដេច ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២៥ ។

ក្នុងឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្ដែងការ​គួរ​សម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​កម្ពុជា នៅវិមានសន្តិភាព ឯកឧត្តម Winston Peters រដ្ឋមន្ត្រីការបរទេសនូវែល​សេឡង់ បានកោតសរសើរ​ចំ​ពោះការរីកចម្រើនគួរឱ្យ​កត់​សម្គាល់របស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្ដែងនូវការពេញចិត្ត​ចំពោះ​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ នូវែល​សេឡង់-កម្ពុជា និងបានគូសបញ្ជាក់ថា នូវែលសេឡង់ ជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា ហេីយនូវែល​សេឡង់​នឹង​បន្តគាំទ្រ ក៏ដូចជាការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំថែម​ទៀត​។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអរគុណកម្ពុជា ដែលបានគាំទ្រ​ដល់​ការ​ភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង​នូវែលសេឡង់ និងអាស៊ាន ពិសេស ការគាំទ្រលើការ​បង្កើត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង អាស៊ាន និងនូវែលសេឡង់” ដែលបានប្រកាសជាផ្លូវការ​ក្នុង​កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅប្រទេស​ម៉ាឡេស៊ី កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ។

សម្ដេចបវរធិបតី បានស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះ​ដំ​ណើរ​ទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ​មកកម្ពុជានាពេលនេះ និងបានគូសបញ្ជាក់ថា ដំណើរ​ទស្ស​នកិច្ចនេះនឹងចូលរួមចំណែកដល់ការពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត។

សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននូវែលសេឡង់ ដែលបានគាំទ្រដល់​ដំណើរ​ការស្វែងរកសុខសន្ដិភាពនៅកម្ពុជា និងបានចូលរួម​ចំ​ណែក​ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ចាប់​តាំង​ពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតមកដល់ពេលបច្ចុប្បន្ន​។

សម្ដេចបវរធិបតី ក៏បានស្វាគមន៍ចំពោះលទ្ធផលជា​ផ្លែ​ផ្កា​នៃកិច្ចពិគ្រោះយោបល់លើកទី៣ រវាងក្រសួងការ​ប​រ​ទេសនៃប្រទេសទាំងពីរ ដែលបានរៀបចំឡើងកាលពី​ខែសីហា កន្លងទៅ និងលើកទឹកចិត្តដល់ក្រសួងការ​បរទេសនៃប្រទេសទាំងពីរបន្តនូវយន្តការនេះឱ្យបានទៀងទាត់ ដោយ សម្ដេចបវរធិបតី ជឿជាក់ថា យន្តការនេះ​នឹងរួមចំណែកកាន់តែច្រើន ដល់ការពង្រឹង និងពង្រីក​កិច្ច​​សហ-ប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរ ដោយ​មិ​​នត្រឹមតែភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងពង្រីកការតភ្ជាប់​រវាងវិស័យឯកជន និងឯកជន ព្រមទាំងរវាងប្រជាជន និងប្រជាជន ថែមទៀតផង។

ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី បានជម្រាបជូន ឯកឧត្តមរដ្ឋ​មន្ត្រីថា ពាក់ព័ន្ធនឹងការពង្រីកការភ្ជាប់​ទំនាក់ទំនងរវាងវិស័យឯកជននេះ, កម្ពុជាក៏បាន​បង្កើតការិយាល័យតំណាង នៃសភាពាណិជ្ជកម្ម​កម្ពុជានៅប្រទេសនូវែលសេឡង់ ផងដែរ ក្នុង​គោល​បំណងពង្រីកនូវកាលានុវត្តភាពការវិនិយោគ និង​ជំរុញ​ការធ្វើពាណិជ្ជកម្មឱ្យកាន់តែល្អថែមទៀត។

សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រី ក៏បានពិភាក្សាអំពី​ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី​លើ​វិ​ស័យ​សំខាន់ៗ រួមមានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ អប់រំ កសិកម្ម ទេសចរណ៍ ការផ្លាស់ប្ដូររវាងប្រជាជន​និង​ប្រជាជន និងបានពិភាក្សាអំពីការជំរុញកិច្ចសហ​ប្រតិ​បត្តិ​ការទ្វេភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ផង​ដែរ​។

សម្ដេចបវរធិបតី បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីការ​បរទេស អំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់ថា កម្ពុជានឹងនៅតែប្ដេជ្ញាអនុវត្ត​តាម​ខ្លឹមសារ នៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែល​បាន​ចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។ កម្ពុជាបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ និងច្បាប់អន្តរជាតិ៕

អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner