ក្រសួងការងារ ស្វាគមន៍ធនាគារ KFW ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​សន្ដិសុខសង្គមនៅកម្ពុជា

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមក្នុងការចង់បានកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) ជាមួយក្រសួងការងារ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ជាពិសេសពាក់ព័ន្ធនឹង​វិស័យ​សន្តិសុខសង្គម។ បន្ថែមពីនេះ ឯកឧត្ដមរដ្ឋមន្រ្តី ក៏បាន​លើកឡើងនូវកាលានុវត្តភាពនៃកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) លើវិស័យបណ្ដុះ​បណ្ដា​លវិជ្ជាជីវៈ ក្នុងគោលបំណងអភិវឌ្ឍធនធាន​មនុស្សនៅប្រទេសកម្ពុជា។

ការបង្ហាញពីការគាំទ្រនេះធ្វើឡើង កាលពីសៀល​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសដែល ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោក Thomas Finken តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) និងសហការី នៅទីស្តីការក្រសួង។

ជាការឆ្លើយតប លោក Thomas Finken បានថ្លែង​អំ​ណរ​គុណចំពោះ ឯកឧត្ដមរដ្ឋមន្រ្តី ដែលបានផ្តល់​ព័ត៌​មាន​យ៉ាងលម្អិតពាក់ព័ន្ធនឹងវិស័យសន្តិសុខ​សង្គម​របស់​កម្ពុជា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង។

ទន្ទឹមនេះ ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែង​យល់​បន្ថែមអំពីបេសកកម្មអាទិភាពថ្មីៗ និងលទ្ធភាព​ក្នុង​​ការសហការលើគម្រោងថ្មីៗ​ផ្សេងទៀតលើ​វិស័យ​ការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សំ​ដៅចូលរួមធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងអស់ និងរួមចំណែកដល់ការអភិវឌ្ឍ​ប្រកប​ដោយចីរភាពរយៈពេលវែង៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner