កូនទោចម្កុដ ជាទូទៅនឹងផ្តាច់ដោះពីមេនៅពេលអាយុ ១៨ ខែ និងរស់នៅជាមួយមេរបស់វារហូតដល់អាយុ៥ ទៅ ៨ឆ្នាំ
(ភ្នំពេញ)៖ កូនសត្វទោចម្កុដ និងកូនសត្វទោចដទៃទៀតត្រូវបានគេដឹងថារស់នៅជាមួយមេបារបស់ពួកវារហូតដល់អាយុ ៥ ទៅ ៨ឆ្នាំ ថ្វីបើពួកវានឹងផ្តាច់ដោះពីមេរបស់វានៅអាយុប្រហែលជា ១៨ ខែក៏ដោយ។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានឱ្យដឹងថា៖ ក្រោយផ្តាច់ដោះទោច វាចាប់ផ្តើមនៅគម្លាតឆ្ងាយពីមេរបស់វាក្នុងរយៈពេលយូរៗបន្តិច ដើម្បីអភិវឌ្ឍន៍ជំនាញសំខាន់ៗក្នុងការចាប់តោងឡើង និងស្វែងរកចំណី។
ទោចម្កុដមានរោមពណ៌ខុសៗគ្នាអាស្រ័យទៅលើភេទរបស់ពួកវា ប៉ុន្តែពណ៌នេះឈប់ប្រែប្រួលនៅពេលសត្វធំពេញវ័យ ដូច្នេះហើយពេលនេះពួកយើងមិនទាន់ដឹងនូវភេទរបស់កូននេះនៅឡើយទេ រហូតដល់អាយុយ៉ាងតិចចាប់ពី ៤ ឆ្នាំឡើងទៅទើបដឹង។
ក្រៅពីនេះទោចម្កុដ ងាយស្រួលចំណាំ ដោយក្នុងនេះមិនថា ទោចញី ឬទោចឈ្មោល គេអាចធ្វើការ សម្គាល់ត្រង់ទោចញីមានពណ៌ស និងមាន កាតឹបក្បាល និងទ្រូងមានពណ៌ខ្មៅ ។ រីឯទោចឈ្មោលមានពណ៌ខ្មៅ នៅពេលវាមានអាយុ ៣ទៅ៤ឆ្នាំ លើកលែងតែដៃជើង និងរោមជុំវិញ ប្រដាប់បន្តពូជមានពណ៌ស ។ ផ្ទៃមុខទោចញី និងឈ្មោលមានពណ៌ខ្មៅនិងមានរោមពណ៌សដុះព័ទ្ធជុំវិញមុខរហូតដល់ត្រចៀកដូចគ្នា ។
ចំណែកកូនទើបកើតមានពណ៌ប្រផេះស្រាល នៅពេលវាអាយុ ៤ ឬ៥ ខែ មានដុះចេញនូវដុំខ្មៅពីរដុំដែលមួយដុំលើក្បាលរាងដូចម្កុដ និងដុំមួយទៀតនៅលើទ្រូង ។ ទោចញីប្រែពណ៌នៅពេលវាមានអាយុ ២ ឬ៣ ឆ្នាំ ហើយក្រោយមកប្រែពណ៌ទៅជាត្នោតភ្លឺវិញ នៅពេលវា ពេញវ័យដោយមានដុំខ្មៅរាងត្រីកោណនៅលើទ្រូង និងម្កុដពណ៌ខ្មៅលើក្បាល ។ ទោចម្កុដមានដៃវែងៗ និងគ្មានកន្ទុយទេ ។
ទោចម្កុដត្រូវបានប្រទះឃើញនៅក្នុងព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង វារស់នៅជាក្រុមតូចៗពី ២ ទៅ ៥ ក្បាលរួមមានមេបា និងកូន ទោចដែលពេញវ័យចាប់ពីអាយុ ៦ ឆ្នាំទៅ ។ពួកវាចំណាយពេលជាច្រើនម៉ោងនៅលើដើមឈើខ្ពស់ៗ ហើយជារឿយៗ វាតែងតែហក់លោត ពីមែកឈើមួយទៅមែកឈើមួយនៅពេលព្រឹក ។
អាហាររបស់វារួមមានផ្លែឈើគ្រប់ប្រភេទ ស្លឹកឈើ ផ្កា និងសត្វល្អិត ។ ទោចញីបង្កើតកូនបានតែមួយគត់ បន្ទាប់ពីពពោះរយៈពេល ២១០ថ្ងៃ ហើយចន្លោះកូនពីមួយទៅមួយមានរយៈពេល ២ ទៅ៣ឆ្នាំ ។ ទោចម្កុដញី និងឈ្មោល នៃក្រុមនីមួយៗចូលចិត្តបន្លឺសំឡេងព្រមៗគ្នានៅពេលព្រឹក ដើម្បីគ្រប់គ្រងដែនព្រៃរៀងៗខ្លួន ហើយសំឡេងដែលបន្លឺឡើងអាចឮក្នុងរយៈចម្ងាយពី ១ ទៅ ២ គីឡូម៉ែត្រ ។ លក្ខណៈពិសេសរបស់ទោចម្កុដ ជាសត្វប្រកាន់ដៃគូ ស្មោះត្រង់នឹងដៃគូ រស់នៅជាគ្រួសារ ហើយជាសត្វមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ។
សូមបញ្ជាក់ថា យោងតាមអង្គការIUCN តាមការប៉ាន់ស្មាន ទោចម្កុដទូទាំងពិភពលោកមានប្រមាណជាង ៦៥,០០០ក្បាល ដែលក្នុងនោះ កម្ពុជាត្រូវបានគេជឿថាមានវត្តមានទោចម្កុដច្រើនជាងគេមានចំនួនប្រមាណ ៣៥,០០០ក្បាលដែលកំពុងរស់នៅ ក្នុងតំបន់ព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោងក្នុងតំបន់ការពារធម្មជាតិកម្ពុជាជាពិសេសតំបន់ជួរភ្នំក្រវាញ៕
ដោយ ៖ ម៉ាដេប៉ូ








