អតិថិជនអនឡាញ ៣៣លាននាក់ ត្រូវបានវាយប្រហារតាមអ៊ីនធឺណេត នៅកូរ៉េខាងត្បូង
សេអ៊ូល ៖ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំមួយ នៅកូរ៉េខាងត្បូង បាននិយាយថា គណនីរបស់អតិថិជន ចំនួនជាង៣៣លាននាក់ ត្រូវបានវាយប្រហារតាមអ៊ីនធឺណេត។
យោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃអាទិត្យនេះ, ក្រុមហ៊ុន Coupang បានអះអាងថា គណនីអតិថិជន ចំនួន៣៣លាន៧សែននាក់ ត្រូវបានលាតត្រដាង ឬ រំលោភបំពាន តាមរយៈការចូលប្រើប្រាស់ទិន្នន័យ ដោយគ្មានការអនុញ្ញាត។
Coupang ដែលត្រូវបានគេស្គាល់ថា ជា «Amazon.com» របស់ប្រទេសកូរ៉េខាងត្បូង គឺជាអ្នកលក់រាយតាមអ៊ីនធឺណិតកំពូលរបស់ប្រទេស ជាមួយនឹងសេវាកម្ម នៅគ្រប់ទីកន្លែង សម្រាប់ប្រជាជនកូរ៉េជាច្រើន ព្រមទាំង ល្បីខាងដឹកជញ្ជូនលឿន។
ក្រុមហ៊ុនបានប្រកាសថា អតិថិជនសកម្មពាណិជ្ជកម្មផលិតផលរបស់ខ្លួន បានឈានដល់ ២៤លាន៧សែននាក់ នៅក្នុងត្រីមាសទីបី ឆ្នាំ២០២៥នេះ។
ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា «ការស៊ើបអង្កេត ជាបន្តបន្ទាប់ បានបង្ហាញថា វិសាលភាពនៃការប៉ះពាល់គណនីរបស់អតិថិជន ត្រូវបានដឹង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ហើយ បានរាយការណ៍ករណីនេះ ទៅកាន់អាជ្ញាធរ»។
ក្រុមហ៊ុន បាននិយាយថា ទិន្នន័យដែលបានលាតត្រដាង រួមមានឈ្មោះ, អាសយដ្ឋានអ៊ីមែល, លេខទូរស័ព្ទ, អាសយដ្ឋានដឹកជញ្ជូន និង ប្រវត្តិនៃការបញ្ជាទិញមួយចំនួន ប៉ុន្តែ មិនរួមបញ្ចូលព័ត៌មានលម្អិតនៃការទូទាត់ ឬ ព័ត៌មានបញ្ជាក់ការចូលនោះទេ។
ក្រុមហ៊ុន Coupang បាននិយាយថា ការចូលប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាត ត្រូវបានគេជឿថា បានចាប់ផ្តើមមាន នៅថ្ងៃទី២៤ ខែមិថុនា តាមរយៈម៉ាស៊ីនមេ នៅក្រៅប្រទេស។
ក្រុមហ៊ុនបានបន្ថែមថា ការស៊ើបអង្កេតកំពុងដំណើរការ ហើយក្រុមហ៊ុននៅតែបន្តធ្វើការជាមួយមន្ត្រីអនុវត្តច្បាប់ និង អាជ្ញាធរត្រួតពិនិត្យ៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត