ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញសម្ពោធឆ្លងសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារីប្រគេនព្រះសង្ឃ វត្តកោះអណ្តែត

តាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារីប្រគេនព្រះអង្គគ្រូចៅអធិការ គ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង វត្តកោះអណ្តែត និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិប្រឡាយមាស ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ។ពិធីនេះមានការនិមន្តនិងអញ្ជើញចូលរួមពីសម្តេចព្រះពុទ្ធជ័យមុន្នីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឈនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូមេគណខេត្តតាកែវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុកទាំង ១០ នៃខេត្តតាកែវ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណ ២១៤០ អង្គ/នាក់។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា សមិទ្ធផលដែលត្រូវសម្ពោធនាពេលនេះ ពិតជាឆ្លុះបញ្ជាំងអំពីកិច្ចខិតខំប្រឹងប្រែងពូនជ្រុំ និងលើកកម្ពស់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ពីសំណាក់ព្រះគ្រូចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្ឋាក់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជាយើង បានរងនូវការឈ្លានពានពីសំណាក់ប្រទេសថៃដែលស្រេកឃ្លានសង្គ្រាម។ ឆ្លើយតបនឹងការឈ្លានពាននេះ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនយើងបានស្រាក់ដៃគ្នាការពារជាតិយ៉ាងរឹងមាំតាមកិច្ចការរបស់ខ្លួន។ រដ្ឋាភិបាល បានខិតខំបំពេញការងារតាមលក្ខណៈការទូតកងទ័ពខិតខំប្រយុទ្ធនិងការពារទឹកដីស្របតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុតពីរាជរដ្ឋាភិបាល ហើយបងប្អូនប្រជាពលរដ្ឋយើងបានប្តេជ្ញាអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលខ្ជាប់ខ្ជួន ឯព្រះសង្ឈក៏បានចូលរួមដ៏សកម្ម ផងដែរ។

លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់មន្ត្រីរាជការគ្រប់លំដាក់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ នៃស្រុកកោះអណ្តែត ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យស្របតាមតម្រូវការ ព្រមទាំងថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner