មន្រ្តីជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជាមួយរូប បានទទួលគ្រឿងឥស្សរិយយសខ្ពស់លំដាប់ទី២នៃសហព័ន្ធអាល្លឺម៉ង់
ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា បានអញ្ជើញទទួលគ្រឿងឥស្សរិយយស Grand Cross of Merit with Star of the Order of Merit of the Federal Republic of Germany របស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ពី ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។

ពិធីប្រគល់គ្រឿងឥស្សរិយយសលំដាប់ទី២នៃសហព័ន្ធអាល្លឺម៉ង់នេះបានប្រព្រត្តិទៅនៅនិវេសនដ្ឋានឯកឧត្តម ឯកអគ្គរដ្ឋទតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជានៅចុងសប្ដាហ៍នេះ មានអញ្ជើញចូលរួមអបអរសាទរដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា។

ឯកអគ្គរដ្ឋទតអាល្លឺម៉ង់ប្រចាំកម្ពុជា បានថ្លែងថា គ្រឿងឥស្សរិយយស ដែលផ្តល់ជូនឯកឧត្តមបណ្ឌិត ចែមវីឌ្យ៉ា គឺជាគ្រឿងឥស្សរិយយសជាន់ខ្ពស់លំដាប់ទី២ ដោយរាប់ពីលើមកនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សម្រាប់បំពាក់ជូនឥស្សរជនបរទេស ។

ការទទួលបានគ្រឿងឥស្សរិយយសនេះ គឺឆ្លុះបញ្ចាំងអំពីស្នាដៃដ៏លេចធ្លោប្រកបដោយសមត្ថភាពខ្ពស់របស់ ឯកឧត្តមបណ្ឌិត នៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ សង្គម និងទំនាក់ទំនងអន្តរជាតិ។ មិនតែប៉ុណ្ណោះ ឯកឧត្តមបណ្ឌិត បានរួមចំណែកលើកកម្ពស់នូវកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិផងដែរ ៕ អត្ថបទ៖ វណ្ណលុក , រូប ៖ វ៉េង លីមហួត

