ធនាគារអភិវឌ្ឍន៍អាស៊ីអនុម័តកម្មវិធីវិនិយោគចំនួន៧៦៣លានដុល្លារ ដើម្បីលើកកម្ពស់សុវត្ថិភាពទឹក និង ភាពធន់នៅកម្ពុជា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីវិនិយោគចំនួន ៧៦៣លានដុល្លារ ក្នុងនោះមានជំនួយឥតសំណង ២០លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដើម្បីគាំទ្រកម្ពុជា ពង្រីកលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ពង្រឹងសន្តិសុខទឹក និង លើកកម្ពស់ភាពធន់ និងភាពសមស្របសម្រាប់រស់នៅនៃទីក្រុងរបស់ប្រទេស។
យោងតាមសេចក្តីប្រកាសរបស់ ADB ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ កម្មវិធីវិនិយោគដើម្បីទីក្រុងសមស្របសម្រាប់រស់នៅ ធន់ និងមានសុវត្ថិភាពទឹកនេះ គឺជាការផ្តល់ហិរញ្ញប្បទានតាមដំណាក់កាលៗ សំដៅបង្កើនសេវាកម្មទឹកនៅក្នុងក្រុងចំនួន១៤ និងស្រុកចំនួន ១២ នៅតាមតំបន់ទន្លេមេគង្គ ទន្លេសាប និងឆ្នេរសមុទ្រ។ កម្មវិធីនេះនឹងផ្តល់អាទិភាពដល់ការគ្របដណ្តប់ប្រកបដោយបរិយាបន្ននៃការទទួលបានទឹក និងសេវាទីក្រុង ដែលប្រមាណ១៥%នៃអ្នកទទួលផលផ្ទាល់សរុបពីកម្មវិធី គឺជាគ្រួសារក្រីក្រ។
លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «កម្មវិធីវិនិយោគនេះ នឹងជួយកម្ពុជាក្នុងការកសាងសេវាកម្មទីក្រុងធន់នឹងអាកាសធាតុ និងមានបរិយាបន្ន ដែលមិនត្រឹមតែគាំទ្រដល់ភាពសមស្របសម្រាប់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនផលិតភាព និង សមត្ថភាពប្រកួតប្រជែងផងដែរ។ តាមរយៈការកែលម្អការផ្គត់ផ្គង់ទឹក អនាម័យ និងសេវាទីក្រុងផ្សេងទៀត យើងមានគោលបំណងនាំមកនូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋជាង ២ លាននាក់ ដោយធានាថា សូម្បីតែសហគមន៍ងាយរងគ្រោះបំផុតក៏មិនត្រូវបានទុកចោលដែរ។»
ថ្វីបើប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាមួយនឹងការទទួលបានការផ្គត់ផ្គង់ទឹក និងអនាម័យជាមូលដ្ឋាន កើនឡើងដល់ជិត៨៣% ក្នុងឆ្នាំ២០២៤ ដោយការផ្គត់ផ្គង់ទឹកកើនឡើងពី៧៣% និង អនាម័យកើនឡើងពី៥៤% កាលពីឆ្នាំ២០១៥ ប៉ុន្តែបញ្ហាប្រឈមគន្លឹះមួយចំនួននៅតែមាន។ សេវាកម្មដូចជាប្រព័ន្ធលូទឹកកខ្វក់ លូរំដោះទឹកភ្លៀង និងការគ្រប់គ្រងសំណល់រឹង ទាមទារឱ្យមានការធ្វើឱ្យប្រសើរឡើង ដើម្បីបំពេញតម្រូវការ និងដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងអាកាសធាតុ ដែលប្រែប្រួលខ្លាំង។
យោងតាម ADB ជាងពាក់កណ្តាលនៃប្រជាពលរដ្ឋកម្ពុជាស្ថិតក្នុងស្ថានភាពអាចប្រឈមនឹងទឹកជំនន់ ហើយបើគ្មានការសម្របសម្រួលដោយប្រសិទ្ធភាព ដូចជាប្រព័ន្ធលូរំដោះទឹកភ្លៀងនោះទេ ការខាតបង់ប្រចាំឆ្នាំបង្កដោយអាកាសធាតុ អាចឈានដល់១០,៦ពាន់លានដុល្លារនៅឆ្នាំ២០៥០ ដែលអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុបរហូតដល់១០%។ តំបន់ទីក្រុងមានភាពងាយរងគ្រោះជាពិសេស ដោយប្រជាពលរដ្ឋរស់នៅតាមទីក្រុងត្រូវបានរំពឹងថា នឹងកើនឡើងប្រមាណ៤៧,៨% ពោលគឺកើនពី៤,៦ លាននាក់ក្នុងឆ្នាំ២០២៤ ដល់៦,៨ លាននាក់(៣៥%នៃចំនួនពលរដ្ឋសរុប) នៅឆ្នាំ២០៤០។
ធនាគារអភិវឌ្ឍន៍អាស៊ីគូសបញ្ជាក់ថា កម្មវិធីវិនិយោគនេះ គឺស្របទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ភាពធន់នៃទីក្រុង ការកាត់បន្ថយភាពក្រីក្រ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
បែងចែកជា ៤ កញ្ចប់ហិរញ្ញប្បទាន ជាមួយនឹងចំណាយប៉ាន់ស្មានសរុបចំនួន ៩៦៦ លានដុល្លារ កម្មវិធីវិនិយោគនេះប្រើវិធីសាស្រ្តអនុវត្តជាដំណាក់កាលៗ ដើម្បីឆ្លើយតបទៅនឹងសមត្ថភាពជាក់ស្តែងនៃភ្នាក់ងារប្រតិបត្តិ និងភ្នាក់ងារអនុវត្ត។ ការនេះធានានូវភាពបត់បែន ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការរួមបញ្ចូលមេរៀន និងបទពិសោធន៍ពីមុន ដើម្បីពង្រឹងការអនុវត្តកម្មវិធីដោយស្ថាប័នពាក់ព័ន្ធ។ កញ្ចប់នីមួយៗនឹងអនុវត្តបន្តពីមួយទៅមួយ ដើម្បីធានាគុណភាពផលជះ និងនិរន្តរភាពរបស់កម្មវិធីទាំងមូល។
ជំនួយឥតសំណងពី ADF មានគោលបំណងជួយដល់ប្រទេសងាយរងគ្រោះបំផុតនៅអាស៊ី និងប៉ាស៊ីហ្វិក។ ពីឆ្នាំ ២០២១ ដល់ឆ្នាំ២០២៤ មូលនិធិនេះបានជួយពលរដ្ឋប្រមាណ ៣៨៥ 000 នាក់ឱ្យចេញផុតពីភាពក្រីក្រ និងបង្កើតការងារជាង ៥00 000៕
ដោយ៖ង៉ាន់ ទិត្យ