ក្រសួងរៀបចំដែនដីរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់-ផលិតភាពកម្ពុជា
ដើម្បីបង្កើតឱកាសជួបជុំគ្នា ជំរុញ និងលើកស្ទួយវិស័យសំណង់នៅប្រទេសកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់-ផលិតភាពកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់-ផលិតភាពកម្ពុជា ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ។
ពិព័រណ៍នេះមានគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយផលិតផលសំណង់ សម្ភារៈសំណង់ និងបរិក្ខារសំណង់ក្នុងស្រុក ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ រួមទាំងលើកកម្ពស់ទីផ្សារ និងការអភិវឌ្ឍឧស្សាហកម្មសំណង់។ កម្មវិធីខាងលើបានប្រមូលផ្តុំភាគីពាក់ព័ន្ធជាច្រើន ដូចជាក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់គុណភាពសំណង់ ព្រមទាំងក្រុមហ៊ុនផលិត ផ្គត់ផ្គង់ និងចែកចាយសម្ភារៈសំណង់ និងគ្រឿងចក្រសំណង់ផ្សេងៗ។
សមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជា សមាគមអ្នកអភិវឌ្ឍអចលនវត្ថុ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង គណៈវិជ្ជាជីវៈ និងគ្រឹះស្ថានឧត្តមសិក្សាក្នុងវិស័យសំណង់ ព្រមទាំងដៃគូជាច្រើនទៀត ក៏បានចូលរួមក្នុងពិពណ៌នេះផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកោតសរសើរចំពោះអគ្គនាយកដ្ឋានសំណង់ ដែលបានខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ឧស្សាហកម្មសំណង់-ផលិតភាពកម្ពុជានេះឡើង ដើម្បីបង្កើតឱកាសជួបជុំ និងពិភាក្សាគ្នាអំពី កិច្ចការសំណង់។ ឯកឧត្តមសង្ឃឹមថា នាពេលខាងមុខ ភាគីពាក់ព័ន្ធទាំងអស់នឹងមានការងារជាច្រើន ដែលត្រូវធ្វើរួមគ្នាបន្ថែមទៀត ដើម្បីជំរុញឲ្យវិស័យសំណង់នៅប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើន និងរឹងមាំ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានរំលឹកថា ក្នុងរយៈពេល២ឆ្នាំកន្លះកន្លងមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបញ្ចប់ភាពចម្រូងចម្រាស់ក្នុងសង្គមជាតិ តាមរយៈការចុះបញ្ជីដីធ្លីបង្ហើយ ការដោះស្រាយវិវាទដីធ្លី ការដោះស្រាយបញ្ហាដីនៅតំបន់បឹងទន្លេសាប និង សម្របសម្រួលបញ្ចប់បញ្ហារវាងអាជ្ញាធរជាតិអប្សរា និងប្រជាពលរដ្ឋនៅតំបន់អង្គរ ក៏ដូចជាផ្តល់សេវាគាប់ចិត្តជូនប្រជាពលរដ្ឋតាមប្រព័ន្ធអនឡាញ។ ចំពោះបញ្ហានៅសេសសល់ ក្រសួងនឹងបន្តព្យាយាមដោះស្រាយបញ្ចប់ជាជំហានៗទៅមុខទៀត។
ជាមួយគ្នានេះ ក្រសួងក៏នឹងរៀបចំប្លង់គោលនៃការប្រើប្រាស់ដីជូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយសហការជាមួយក្រសួងមហាផ្ទៃ។ ម៉្យាងទៀត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានគោលបំណងប្រែក្លាយតំបន់ទីប្រជុំជនប្រមាណ៣០០នៅទូទាំងប្រទេសឲ្យទៅជាបុរីជនបទ ពោលគឺត្រូវមានទឹកស្អាត អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឱ្យបានគ្រប់គ្រាន់។ ទិសដៅរបស់ក្រសួង គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋអាចរស់នៅក្នុងភូមិឋានក្សេមក្សាន្ត ជាទ្រនំសុភមង្គល មានសុខសុវត្ថិភាព និងមានជីវភាពល្អប្រសើរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា សំណង់គឺជាផលិតផលសេដ្ឋកិច្ច ដែលជួយជំរុញបង្កើតការងារធ្វើ បង្កើតប្រាក់ចំណូល និងធានាបាននូវដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា។ ដូច្នេះ យើងទាំងអស់គ្នាត្រូវផ្លាស់ប្ដូរផ្នត់គំនិតទាក់ទិននឹងកិច្ចការសំណង់ ដោយមិនមែនត្រឹមតែគិតគូរលើបច្ចេកទេសនៃការសាងសង់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរធ្វើយ៉ាងណាឲ្យសំណង់មានជីវិត ហើយការរៀបចំសំណង់ គឺត្រូវធ្វើឱ្យសមស្របនឹងទំហំសេដ្ឋកិច្ចជាតិ៕









អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ