កម្ពុជាមានអ្នកស្លាប់ដោយសារមេរោគអេស៍១ ០០០នាក់ និងអ្នកឆ្លងថ្មី១២ ០០០នាក់ នៅឆ្នាំ២០២៤
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានឱ្យដឹងថា នៅកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៧៦ ០០០នាក់ អ្នកឆ្លងថ្មី១២ ០០០នាក់ និងអ្នកស្លាប់១ ០០០នាក់នៅឆ្នាំ២០២៤។ ថ្វីបើតួលេខនេះនៅខ្ពស់ ប៉ុន្តែបើធៀបនឹងអត្រាពិភពលោក កម្ពុជាទទួលបានជោគជ័យខ្លាំងក្នុងការប្រយុទ្ធប្រឆាំងជំងឺអេដស៍។
ថ្លែងក្នុងពិធីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២៥ ដែលរៀបចំនៅទីតាំងសួនច្បារវត្តបទុមវតីនារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានបញ្ជាក់ថា នៅលើពិភពលោកមនុស្សជិត១០លាននាក់មិនទាន់ទទួលបានសេវ៉ាព្យាបាលនៅឡើយទេ ប៉ុន្ដែនៅកម្ពុជា ការថែទាំអ្នកផ្ទុកមេរោគអេដស៍គឺ១០០% ព្រោះកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្ដល់សេវាព្យាបាលដោយឥតគិតប្រាក់នៅតាមទីតាំង៧៤កន្លែង។
យោងតាមឯកឧត្តម ឈឹម ឃិនដារ៉េត ការឆ្លងមេរោគអេដស៍ក្នុងចំណោមយុវវ័យមានកម្រិតខ្ពស់ គឺចាប់អាយុពី១៥ទៅ២៤ឆ្នាំមានរហូតដល់ទៅ៤៤%។ ដូច្នេះ យុវវ័យ ដែលជាអ្នកបន្ដវេនក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ត្រូវតែចេះការពារខ្លួនពីមេរោគអេដស៍ ទើបអាចសម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមសង្កត់ធ្ងន់ថា មូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ គឺត្រូវតែមានចំណេះដឹង និងសុខភាពល្អ។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីរបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានលើកឡើងថា តំបន់អាស៊ីជាចំណុចសំខាន់ក្នុងការឆ្លើយតបទៅនឹងជំងឺអេដស៍។ ទោះបីជាមានវឌ្ឍនភាពកន្លងមកក៏ដោយ ការឆ្លងមេរោគអេដស៍នៅតែកើនឡើងក្នុងចំណោមប្រជាជនគន្លឹះ។ ក្នុងន័យនេះ ទិវាអេដស៍ពិភពលោកនេះរំលឹកយើងថា មេរោគអេដស៍/ជំងឺអេដស៍មិនទាន់បញ្ចប់នៅឡើយទេ ហើយសកម្មភាពប្រកបដោយចីរភាព គឺមានសារៈសំខាន់ណាស់ ដើម្បីបញ្ចប់ជំងឺអេដស៍នៅក្នុងតំបន់របស់យើង។
គួរបញ្ជាក់ថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ១ ខែធ្នូ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ការបង្ការ ការធ្វើតេស្ត និងការថែទាំ ពិសេសបង្ហាញពីការចូលរួមជាមួយអ្នករងផលប៉ះពាល់ដោយមេរោគអេដស៍/ជំងឺអេដស៍នៅក្នុងសហគមន៍ និងអ្នកពាក់ព័ន្ធសំខាន់ៗ៕









អត្ថបទ ៖ ឈឹម ទីណា