អាស៊ានគ្រុបចូលរួមអភិវឌ្ឍមូលធនមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល
ភ្នំពេញ ៖ អាស៊ានគ្រុប ដែលជាបណ្តុំសាលារៀនឯកជន បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍមូលធនមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ អាស៊ានគ្រុបបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ, បណ្ណសរសើរ និង អាហារូបករណ៍ ដល់សិស្សានុសិស្សកម្មវិធីសិក្សាភាសាអង់គ្លេសទូទៅគ្រប់កម្រិត ប្រចាំឆ្នាំ២០២៥ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន រាជធានីភ្នំពេញ។ កម្មវិធីនេះ មានការចូលរួមពីសំណាក់គណៈគ្រប់គ្រង, លោកគ្រូ-អ្នកគ្រូ, បុគ្គលិកសិក្សា , អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ព្រមទាំង ភ្ញៀវកិត្តិយសចូលរួម យ៉ាងច្រើនកុះករ។

ឯកឧត្ដមបណ្ឌិត ហុង លីម ស្ថាបនិកអាស៊ានគ្រុប និង ជាប្រធានសហព័ន្ធសេវាអប់រំកម្ពុជា បានមានប្រសាសន៍ថា សមិទ្ធផលដែលសាលាសម្រេចបាន នាពេលនេះ គឺបង្ហាញយ៉ាងច្បាស់ពីកម្រិតគុណភាព, ប្រសិទ្ធភាព និង ស្ថេរភាពនៃការគ្រប់គ្រងកម្មវិធីសិក្សាភាសាអង់គ្លេស។ លទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា សាលាកំពុងអនុវត្តវិធីសាស្ត្រអប់រំយ៉ាងត្រឹមត្រូវ និង ប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមអភិវឌ្ឍមូលធនមនុស្ស ដែលជាចំណុចអាទិភាព នៃ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

បើតាមឯកឧត្តមបណ្ឌិត, នៅក្នុងសតវត្សទី២១នេះ ការបង្រៀន និង បណ្ដុះបណ្ដាលភាសាបរទេស ជាពិសេស ភាសាអង់គ្លេស បានក្លាយជាតម្រូវការសំខាន់ សម្រាប់ការកសាងមូលធនមនុស្សដែលមានគុណភាព និងសមត្ថភាពប្រកួតប្រជែង តាមទិសដៅអភិវឌ្ឍ របស់រាជរដ្ឋាភិបាល។
យ៉ាងណា ឯកឧត្តម សូមលើកទឹកចិត្តដល់សិស្សានុសិស្ស បន្តពង្រឹងជំនាញអាន, សរសេរ, និយាយ និងស្តាប់ ដើម្បីធានាថា ចំណេះដឹងភាសាអង់គ្លេស របស់សិស្ស អាចឆ្លើយតបទៅនឹងតម្រូវការនាពេលអនាគត។

បើតាមឯកឧត្តម, អាស៊ានគ្រុប មានសាលារៀនក្រោមចំណុះ ចំនួន៤ គឺ ៖ សាលាអន្តរជាតិអាស៊ាន, សាលារៀន ខេមវីសឌឹម, ទារកដ្ឋានអាស៊ានប្រាយឃីដស៍ និង សាលាអន្តរជាតិរ៉េដប្រីជ។
ឯកឧត្តមបញ្ជាក់ថា ការរៀបចំពិធីនេះ បានបង្ហាញយ៉ាងច្បាស់ពីភាពមានវិន័យ, ការប្ដេជ្ញាចិត្ត និង សមត្ថភាពរបស់កុមារ ក្នុងការសិក្សាប្រកបដោយការយកចិត្តទុកដាក់។ ស្ថិតក្នុងបរិបទសកលភាវូបនីយកម្ម, ការប្រើប្រាស់ភាសាអង់គ្លេស បានក្លាយទៅជាជំនាញស្នូល និងជាមធ្យោបាយ សម្រាប់ការបង្កើនចំណេះដឹង, ទំនាក់ទំនង, ការវិភាគ និងការចូលរួមក្នុងសកម្មភាពសង្គមនានា។ ក្រៅពីលទ្ធផលសិក្សាក្នុងថ្នាក់, សិស្សានុសិស្ស ក៏បានបង្ហាញសមត្ថភាព តាមរយៈការចូលរួមប្រឡងនានា ដូចជា ខេម ប្រ៊ីដ ថែស (Cambridge Test), ថូ ហ្វល់ (TOEFL) និង ការប្រកួតគណិតវិទ្យា ដែលទាមទារការគិត, ការវិភាគ, ការដោះស្រាយបញ្ហា និង អនុវត្តចំណេះដឹង ក្នុងបរិយាកាសប្រកួតប្រជែង យ៉ាងពិតប្រាកដ។ សមិទ្ធផល និងការចូលរួមទាំងនេះ បានបញ្ជាក់ថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីរីកចម្រើនធំធាត់ ក្លាយជាមូលធនមនុស្ស។

ឯកឧត្ដមបណ្ឌិត ហុង លីម អះអាងថា សាលាទាំង ៤ នឹងបន្តលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ដោយផ្តល់ឱកាសសិក្សាបន្ថែម, បណ្តុះបណ្តាលជំនាញថ្មីៗ និងបង្កបរិយាកាសការងារ ដែលសមស្រប ដើម្បីឱ្យគ្រូអាចបន្តបំពេញតួនាទីយ៉ាងពេញលេញ ក្នុងការបណ្តុះបណ្តាលសិស្សានុសិស្ស ដើម្បីប្រែក្លាយ ពួកគេទៅជាទំពាំងស្នងឫស្សី។

ឯកឧត្តម ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមាតាបិតា និង អ្នកអាព្យាបាលសិស្ស ដែលបានបង្កបរិយាកាសសិក្សា ដល់កូនៗ, តាមដានការសិក្សា និង ជាពិសេសចំពោះការផ្តល់ទំនុកចិត្តមកលើសាលា។ ឯកឧត្តមបញ្ជាក់ថា ការចូលរួមរបស់លោក លោកស្រី មានប្រសិទ្ធិភាពធំធេង និងគ្រប់គ្រាន់ ដើម្បីធ្វើឱ្យ បុត្រធីតា ទទួលបានលទ្ធផលសិក្សាល្អប្រសើរ ឈានទៅរកអនាគតដ៏ត្រចះត្រចង់។
គួរបញ្ជាក់ថា បច្ចុប្បន្ន អាស៊ានគ្រុបមានសាលារៀនចំនួន១៥ទីតាំង នៅក្នុងរាជធានី-ខេត្ត៕ ដោយ ទីផ្សារ





















