ប្រមុខការទូតចិននឹងហោះទៅរុស្ស៊ី ជជែកពីបញ្ហាសន្តិសុខ ចំពេលមានភាពតានតឹងជាមួយជប៉ុន
ប៉េកាំង ៖ ជើងខ្លាំងការទូតកំពូលចិននឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីសប្តាហ៍នេះ ក្នុងគោលបំណងពិភាក្សាពីបញ្ហាសន្តិសុខជាយុទ្ធសាស្រ្ត ចំពេលចិនមានភាពល្អក់កករខ្លាំងឡើងជាមួយជប៉ុន ហើយអាមេរិកកំពុងជំរុញជាថ្មី ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង, រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងចាកចេញទៅកាន់រុស្ស៊ី តបតាមការអញ្ជើញរបស់លេខាធិការក្រុមប្រឹក្សាសន្តិសុខ លោក សឺហ្គេ ស៊យហ្គូ ចាប់ពីថ្ងៃទី១ដល់២ ខែធ្នូ ដើម្បីពិគ្រោះយោបល់សន្តិសុខជាយុទ្ធសាស្ត្រលើកទី ២០ រវាងរុស្ស៊ី និងចិន។
យោងតាមលោកស្រី ម៉ៅ, កិច្ចប្រជុំនៅរុស្ស៊ីសប្តាហ៍នេះ ភាគីទាំងពីរត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅទៅលើកិច្ចការជាយុទ្ធសាស្ត្រក្នុងតំបន់ និងសកលដែលមានផលប្រយោជន៍ទៅវិញទៅមក ពិសេសពិភាក្សាអំពីបញ្ហាទាក់ទងនឹងសន្តិសុខជាយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ។
ជុំវិញបញ្ហាសង្គ្រាមអ៊ុយក្រែន ចិននៅតែអះអាងមិនជាប់ពាក់ព័ន្ធក្នុងជម្លោះនេះទេ ប៉ុន្តែទីក្រុងកៀវបានចោទប្រកាន់ថា ទីក្រុងប៉េកាំងបានផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងមូស្គូ សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន និងបន្តទិញថាមពល ដែលជាប្រភពហិរញ្ញវត្ថុដ៏សំខាន់របស់រុស្ស៊ី។
យ៉ាងណា ចិនប្រកាសច្រានចោលដាច់អហង្ការ ថាមិនបានលួចបញ្ជូនសព្វាវុធជួយដល់រុស្ស៊ីច្បាំងនឹងអ៊ុយក្រែនឡើយ ហើយទីក្រុងប៉េកាំងនៅតែទទូចត្រៀមខ្លួនជានិច្ច ដើម្បីចូលខ្លួនជួយសម្របសម្រួលបញ្ចប់សង្គ្រាមមួយនេះ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា