បញ្ហាអាគុយបង្ខំឱ្យ BYD ប្រមូលរថយន្តជិត ៩ ម៉ឺនគ្រឿងមកជួសជុលបន្ទាន់
ប៉េកាំង ៖ ក្រុមហ៊ុនផលិតឡានអគ្គិសនីយក្ស BYD របស់ចិន ប្រកាសប្រមូលរថយន្តប្រភេទ Plug-in Hybrid ចំនួន ៨៨,៩៨១គ្រឿងមកជួសជុលបន្ទាន់ ដោយសារព្រួយបារម្ភពីហានិភ័យគ្រោះថ្នាក់ ទាក់ទងនឹងប្រព័ន្ធសុវត្តិភាពអាគុយរថយន្ត។

បើតាមសេចក្តីប្រកាសរបស់និយ័តករទីផ្សាររថយន្តចិន, ការប្រមូលរថយន្តចូលឃ្លាំងវិញនេះ នឹងប៉ះពាល់ទៅលើរថយន្តម៉ូដែល Qin PLUS DM-i ដែលផលិតនៅចន្លោះខែមករា ឆ្នាំ២០២១ ដល់ខែកញ្ញា ឆ្នាំ២០២៣។
យោងតាម The Straits Times, ក្រុមហ៊ុន BYD ដែលកំពុងប្រឈមមុខនូវការលក់ និងប្រាក់ចំណេញធ្លាក់ចុះស្រាប់ទៅហើយនោះ បានប្រមូលរថយន្តជាង ២១០,០០០គ្រឿងត្រលប់មកវិញនៅឆ្នាំ ២០២៥នេះ ក្នុងនោះរួមទាំងរថយន្ត SUV ប្រភេទ Plug-in Hybrid ជិត ៧,០០០គ្រឿងផងដែរ។
កាលពីពាក់កណ្តាលខែតុលាកន្លងទៅ ក្រុមហ៊ុនផលិតឡានអគ្គិសនីខ្នាតយក្សចិនមួយនេះ បានប្រកាសពីការប្រមូលរថយន្តម៉ូដែល Tang និង Yuan Pro ច្រើនជាង ១១៥,០០០គ្រឿង ដែលផលិតនៅចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០២២ ដោយសារតែបញ្ហាការរចនា និងហានិភ័យសុវត្ថិភាពទាក់ទងនឹងអាគុយ។
ក្នុងខែតុលាដដែល ក្រុមហ៊ុន BYD ក៏បានប្រកាសពីការលក់ធ្លាក់ចុះដល់ដល់ ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤ បន្ទាប់ពីប្រាក់ចំណេញដាំក្បាលចុះរហូតដល់ ៣៣ភាគរយ នៅក្នុងត្រីមាសទីបី ឆ្នាំ ២០២៥។
យោងតាមគេហទំព័រ BYD Global, BYD គឺជាក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលបង្កើតឡើងក្នុងគោលបំណងចម្បងជំរុញដល់ការច្នៃប្រឌិតបច្ចេកវិទ្យាសម្រាប់ជីវិតកាន់តែប្រសើរ។
BYD បង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ ១៩៩៤ ហើយបន្ទាប់ពីរយៈពេល ៣០ឆ្នាំនៃការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រុមហ៊ុនបានបង្កើតសួនឧស្សាហកម្មជាង ៣០ នៅទូទាំងពិភពលោក និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងឧស្សាហកម្មដែលទាក់ទងនឹងគ្រឿងអេឡិចត្រូនិច រថយន្ត ថាមពលថ្មី និងផ្លូវដែកជាដើម៕
ប្រភព ៖ The straits times និង BYD Global ប្រែសម្រួល ៖ ឈឹម ទីណា
