លោក ពូទីន នឹងធ្វើទស្សនកិច្ចនៅឥណ្ឌា ក្នុងសប្តាហ៍នេះ
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងអញ្ជើញធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី៤ ដល់ទី៥ ខែធ្នូ ឆ្នាំ២០២៥ នេះ ។
បើតាមការបញ្ជាក់ពីវិមានក្រឹមឡាំង, ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់ ជាពិសេសទំនាក់ទំនងរុស្ស៊ី-ឥណ្ឌា ក្រោមភាពជាដៃគូយុទ្ធសាស្ត្រ ។
យ៉ាងណា របៀបវារៈពេញលេញ នៃកិច្ចប្រជុំកំពូលមួយនេះ មិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ ប៉ុន្តែបើតាមសារព័ត៌មាន RT, លោក Putin នឹងពិភាក្សាជាមួយលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា អំពីបញ្ហាជាច្រើនរួមទាំងសង្គ្រាមអ៊ុយក្រែន, ការទិញរបស់ឥណ្ឌានូវសម្ភារៈការពារជាតិ និង ធនធានថាមពលរបស់រុស្ស៊ីផងដែរ ។
ជាមួយគ្នានេះ មេដឹកនាំទាំងពីរក៏អាចនឹងពិភាក្សាគ្នាអំពីវិស័យនយោបាយ, ពាណិជ្ជកម្ម-សេដ្ឋកិច្ច វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និង វប្បធម៌-មនុស្សធម៌ ក៏ដូចជា ការពិចារណាលើបញ្ហាអន្តរជាតិ និងតំបន់ នាពេលបច្ចុប្បន្ន ។
ការហោះទៅកាន់ទីក្រុងញូវដែលី លើកនេះ នឹងក្លាយជាដំណើរទស្សនកិច្ចលើកទី១០ របស់លោក ពូទីន នៅប្រទេសឥណ្ឌា និងជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០២១ ។
ចំណែកលោក Modi មេដឹកនាំឥណ្ឌា វិញ ធ្លាប់បានទៅបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី ចំនួន ២ ដងផងដែរ កាលពីឆ្នាំ២០២៤ ៕
ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត