លោក Trump ព្រមានអ៊ីស្រាអែលកុំឱ្យជ្រៀតជ្រែកនៅស៊ីរី
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បានព្រមានអ៊ីស្រាអែល កុំឱ្យជ្រៀតជ្រែកក្នុងប្រទេសស៊ីរី នៅប៉ុន្មានថ្ងៃ បន្ទាប់ពីមានប្រតិបត្តិការដ៏សាហាវ របស់កងកម្លាំងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស ១៣នាក់ នៅទីនោះ។
តាមរយៈវេទិកាសង្គម Truth Social កាលពីថ្ងៃចន្ទ, ប្រធានាធិបតីអាមេរិករូបនេះ បានអះអាងថា «វាមានសារៈសំខាន់ខ្លាំងណាស់ ដែលអ៊ីស្រាអែល ត្រូវរក្សាការសន្ទនាដ៏រឹងមាំ និងពិតប្រាកដ ជាមួយប្រទេសស៊ីរី ហើយ ត្រូវតែគ្មានអ្វីកើតឡើង ដែលនឹងជ្រៀតជ្រែក ដល់ការវិវត្តរបស់ប្រទេសស៊ីរី»។ ជាអ្វីដែល លោក ត្រាំ បានអះអាងថា ប្រទេសនេះ កំពុងរីកចម្រើនល្អ។
មេដឹកនាំអាមេរិក រូបនេះ បាននិងកំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិសុខ រវាងអ៊ីស្រាអែល និងស៊ីរី ចាប់តាំងពីក្រុមចម្រុះអ៊ីស្លាមនិយម របស់លោកប្រធានាធិបតី Ahmed al-Sharaa បានផ្តួលរំលំមេដឹកនាំយូរអង្វែង គឺ លោក Bashar al-Assad កាលពីមួយឆ្នាំមុន។
ប៉ុន្តែ ភាពតានតឹងបានកើនឡើង ចាប់តាំងពីការវាយប្រហាររាប់រយដង ដែលបង្កឡើងដោយអ៊ីស្រាអែល ទៅលើប្រទេសស៊ីរី។ ជាក់ស្តែង នៅក្នុងការវាយប្រហារដ៏សាហាវបំផុត កាលពីថ្ងៃសុក្រ, កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្ស ១៣នាក់ អំឡុងប្រតិបត្តិការមួយ នៅក្នុងភូមិភាគខាងត្បូង នៃតំបន់ Beit Jin។ ប្រទេសស៊ីរី បានហៅប្រតិបត្តិការ របស់អ៊ីស្រាអែលថា ជា “ឧក្រិដ្ឋកម្មសង្គ្រាម” ។ តែ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានកំណត់គោលដៅ វាយប្រហារ លើក្រុមអ៊ីស្លាម។
លោក Trump ធ្លាប់អះអាងថា លោកពេញចិត្តចំពោះការដឹកនាំ របស់អតីតឧទ្ទាមអ៊ីស្លាម លោក Ahmed al-Sharaa បច្ចុប្បន្ន ជាមេដឹកនាំស៊ីរី ពោលគឺ បន្ទាប់ពីលោកបានធ្វើទស្សនកិច្ចជាប្រវត្តិសាស្ត្រ ទៅកាន់សេតវិមាន កាលពីប៉ុន្មានសប្តាហ៍មុន៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
