អ៊ីរ៉ង់ចោទអាមេរិកជាមេខ្លោងគំរាមកំហែងធំបំផុតដល់សន្តិភាព និងសន្តិសុខពិភពលោក

តេហេរ៉ង់ ៖ អ៊ីរ៉ង់ចោទប្រកាន់អាមេរិកចំៗថា បានក្លាយជាមេខ្លោងបង្កការគំរាមកំហែងធំបំផុតដល់សន្តិសុខ និងសន្តិភាពសហគមន៍អន្តរជាតិ ដោយសារតែទង្វើរបស់ពួកគេថ្មីៗនេះ បានដាក់សម្ពាធលើប្រទេសដទៃ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei ក្នុងអំឡុងសន្និកាសែតកាលពីថ្ងៃន្ទ បាននិយាយរិះគន់មិនសំចៃមាត់លើសកម្មភាពបង្កអរិភាពនៃរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រឆាំងនឹងបណ្តាប្រទេសមួយចំនួន មានដូចជាវេណេស៊ុយអេឡា និងការគាំទ្រប្រតិបត្តិការយោធាដ៏បំផ្លិចបំផ្លាញរបស់អ៊ីស្រាអែលនៅអាស៊ីខាងលិច។

បើតាមការលើកឡើងរបស់លោក Baghaei រដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្កការសម្លុតគំរាមលើប្រទេសវេណេស៊ុយអេឡា គុយបា នីការ៉ាហ្គ័រ ហើយសូម្បីតែប្រេស៊ីល និងម៉ិកស៊ិក។

មិនត្រឹមតែប៉ុណ្ណោះ បងធំពិភពលោកមួយនេះ ថែមទាំងគំរាមបិទដែនអាកាសវេណេស៊ុយអេឡា និងគំរាមប្រឆាំងនឹងបណ្តាប្រទេសអាហ្វ្រិក ពិសេសកាន់ជើងអ៊ីស្រាអែលឱ្យប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ និងការឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីប្រទេសដទៃក្នុងតំបន់។

ហើយចុងក្រោយនេះ លោកប្រធានាធិបតី ត្រាំ ផ្ទាល់ ថែមទាំងហាមាត់ផ្អាកការធ្វើអន្តោប្រវេសន៍មកពីប្រទេសលោកទី៣ ដែលនេះសបញ្ជាក់ពីអត្តចរិករើសអើងជាតិសាសន៍របស់រដ្ឋាភិបាលអាមេរិក។ ភ្លាមៗ ខាងសេតវិមានរបស់លោក ដូណាល់ ត្រាំ នៅមិនទាន់ធ្វើការឆ្លើយតប ចំពោះការអត្ថាធិប្បាយបែបនេះរបស់អ៊ីរ៉ង់នៅឡើយទេ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner