អ្នកការទូតកាណាដា បញ្ជាក់ជូនរដ្ឋមន្រ្តីបរិស្ថានអំពីកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យចំនួនពីរ
ភ្នំពេញ៖ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំកម្ពុជាបានបញ្ជាក់ជូនរដ្ឋមន្រ្តីក្រសួងបរិស្ថានអំពីការសន្យាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការអភិវឌ្ឍថាមពលស្អាត និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។(រាយការណ៍ដោយ លីដា)

អាន៖រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត និង ឯកឧត្តមឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំកម្ពុជាកាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានជួបពិភាក្សាការងារអំពីផែនការសកម្មភាព ដែលក្រសួងបរិស្ថានបានអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ពិសេសលើភាពស្អាត ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ក្រសួងកំពុងដាក់ចេញនូវការបណ្តុះទម្លាប់ស្អាត ជាមួយសិស្សានុសិស្សនៅតាមសាលារៀន ដោយបានចែកធុងសំរាម ឱ្យពួកគាត់ចេះទុកដាក់សំរាម ញែកសំរាមឱ្យបានត្រឹមត្រូវ។ ក្រសួងមានគម្រោងបង្កើតទីលានទុកដាក់សំរាម និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ កន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសបរិស្ថាន ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការទាញយកប្រយោជន៍សេដ្ឋកិច្ចចេញពីសំរាម និងសំណល់ប្លាស្ទិក។

ចំណែកឯកឧត្តមឯកអគ្គរដ្ឋទូតកាណាដា បានកោតសរសើរប្រជាជនកម្ពុជារាប់លាននាក់ ដែលបានចូលរួមប្តេជ្ញាចិត្តកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលជាការរួមចំណែកសំខាន់ដល់ការកាត់បន្ថយការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ឯកឧត្តមបានចាប់អារម្មណ៍អំពីកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ជាពិសេសការគាំទ្រលើការអភិវឌ្ឍបច្ចេកវិទ្យា បង្កើតថាមពលស្អាត ការកែឆ្នៃសំណល់។ល។ ឯកឧត្តមបានបន្ថែមទៀតថា ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសជំរុញការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ប្រទេសកាណាដាកំពុងពិនិត្យនៅកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត៕
ដោយ៖ម៉ាដេប៉ូ

