កម្ពុជាសម្រេចលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិនធ្វើដំណើរពីប្រទេសចិននៅពាក់កណ្ដាលឆ្នាំក្រោយ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិនធ្វើដំណើរពីប្រទេសចិន ដោយផ្តល់ រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ និងចាប់ផ្ដើមអនុវត្តគិតចាប់ពីថ្ងៃទី១៥ មិថុនា-ថ្ងៃទី១៥ តុលា ២០២៦។នេះបើយោងតាមលិខិតរបស់
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តីចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។
អាន៖ក្នុងលិខិត ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តីជម្រាបជូន ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ,ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ដ្ឋាភិបាលឯកភាពជាគោលការណ៍ ដូចខាងក្រោម៖
១- ផ្ដល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្ត ភ្ញៀវចិនអាចអញ្ជើញមក
កម្ពុជាប៉ុន្មានលើកក៏បាន។
២- អនុញ្ញាតឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដាក់ស្នើនិងចរចាជាមួយភាគីរដ្ឋាភិបាលចិនឱ្យបន្ធូរបន្ថយ និងសម្រួលនីតិវិធីនៃការស្នើសុំទិដ្ឋាការដល់ទេសចរខ្មែរទៅប្រទេសចិនដើម្បីឈានដល់ការអនុវត្តការលើកលែងទិដ្ឋាការបដិការតែម្ដងនាពេលអនាគត។
លិខិតផ្លូវការដែលចុះហត្ថលេខាដោយបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការបានបន្ថែមថាដើម្បីមានប្រសិទ្ធភាព គួរសហការជាមួយវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយទៅគោលដៅចិនឱ្យបានល្អ និងឆាប់រហ័ស៕
ដោយ៖មុនី
