ជនមានពិការភាពជាង៧ពាន់នាក់បានចូលបម្រើការងារនៅតាមក្រសួងស្ថាប័នចំនួន៤០
គិតត្រឹមខែតុលា ឆ្នាំ២០២៥ មានក្រសួង ស្ថាប័នចំនួន៤០ បានទទួលយកជនមានពិការភាពចំនួន៧ ៥០២នាក់ ឱ្យចូលបម្រើការងារ ក្នុងនោះ ស្ត្រីមានពិការភាពចំនួន ១ ០៣៥នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ៣ ០៣៥នាក់ បើគិតជាភាគរយ គឺស្មើនឹង២,៤៨% ។
បើតាមសារលិខិតក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២៧ និងអន្តរជាតិ លើកទី៤៣ ក្រោមប្រធានបទ បរិយាបន្នពិការភាពលើគ្រប់វិស័យ ដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យឯកជន រួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ និងក្រុមហ៊ុននានា បានចុះបញ្ជីកា និងទទួលបានវិញ្ញាបនបត្រ លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមានសរុបចំនួន៤៦៦ និង បានទទួលយកជនមានពិការភាពចូលបម្រើការងារសរុបចំនួន ៦ ៩០៥នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៤ ៥២៧នាក់ ។ ហេតុនេះ សរុបទាំងក្រសួង ស្ថាប័នសាធារណៈ និងវិស័យឯកជននៅទូទាំងប្រទេសបានទទួលយកជនមានពិការភាពតាមអត្រាកំណត់ នៃច្បាប់សរុបចំនួន ១៤ ៤០៧នាក់ ឱ្យបម្រើការងារដោយទទួលបានប្រាក់ចំណូល និងអត្ថប្រយោជន៍សង្គមទៅតាម មុខតំណែង តួនាទី និងការងារ ស្របតាមសមត្ថភាព និងទេពកោសល្យរៀងៗខ្លួន ។
សម្តេចធិបតី បានបន្តថា គិតមកដល់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន។ បច្ចុប្បន្ន ជនមានពិការភាពចំនួន ៣៥៥ ២៨០នាក់ ក្នុងនោះស្ត្រីចំនួន ១៧៤ ០១៣នាក់ ត្រូវបានកំណត់អត្តសញ្ញាណ តាមរយៈជនបង្គោលនៅឃុំ សង្កាត់ទូទាំងប្រទេស ហើយបានផ្តល់បណ្ណសម្គាល់ ជនមានពិការភាពបានចំនួន ២៨៩ ៥៤៣បណ្ណ ក្នុងនោះ ស្ត្រីចំនួន ១៤១ ០៨៥នាក់។
សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្ត (១) ពង្រឹងយន្តការអនុវត្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាពក្រីក្រ ដែលបានធ្វើសមាហរណកម្ម ទៅក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដើម្បីធានាថា ក្រុមពង្រឹងយន្តការគាំពារពាក់ព័ន្ធនឹងពិការភាព ទទួលបានការឧបត្ថម្ភ ពីរាជរដ្ឋាភិបាលពិតប្រាកដ (២) ក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធនសម្រាប់មន្ត្រីសាធារណៈ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិត ដែលត្រូវផ្តោតសំខាន់ លើការស្តារនីតិសម្បទា និង (៣) ពិនិត្យ លទ្ធភាពក្នុងការគិតគូរ ផ្តល់ការគាំពារដល់ជនមានពិការភាព ដែលជាសមាជិកនៃគ្រួសារងាយរងហានិភ័យ ទៅតាមលទ្ធភាពទ្រទ្រង់បាននៃថវិកាជាតិ ៕
ដោយ វណ្ណលុក