កូរ៉េខាងត្បូងចង់សុំទោសកូរ៉េខាងជើង ចំពោះទង្វើមេដឹកនាំមុន

សេអ៊ូល ៖ មេដឹកនាំកូរ៉េខាងត្បូងបានបង្ហាញពីអារម្មណ៍ចង់សុំទោសដល់កូរ៉េខាងជើង ចំពោះទង្វើរបស់អតីតប្រធានាធិបតីមុន។

លោកប្រធានាធិបតី Lee Jae Myung បាននិយាយ នៅថ្ងៃពុធនេះថា លោកមានអារម្មណ៍ថា ចង់សុំទោសចំពោះកូរ៉េខាងជើង ជុំវិញការចោទប្រកាន់លើអតីតមេដឹកនាំប្រទេស គឺ លោក Yoon Suk Yeol ក្នុងការបញ្ជូនយន្តហោះគ្មានមនុស្សបើក និង ខិត្តប័ណ្ណឃោសនាឆ្លងព្រំដែន។

លោកបានអះអាងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ដែលរំលឹកខួបមួយឆ្នាំ បន្ទាប់ពីអតីតប្រធានាធិបតី លោក Yoon Suk Yeol បានទាញទម្លាក់ប្រទេសនេះ ឱ្យធ្លាក់ទៅក្នុងភាពវឹកវរ មួយរយៈពេលខ្លី ដោយសារការប្រកាសច្បាប់អាជ្ញាសឹក។

លោក Lee Jae Myung បានលើកឡើងថា «ខ្ញុំមានអារម្មណ៍ថា ខ្ញុំគួរសុំទោស ប៉ុន្តែ ខ្ញុំស្ទាក់ស្ទើរក្នុងការនិយាយចេញមក…ខ្ញុំបារម្ភថា ប្រសិនបើខ្ញុំធ្វើ នោះវាអាចនឹងត្រូវបានគេប្រើប្រាស់ ជាចំណីសម្រាប់ការប្រយុទ្ធគ្នា ខាងមនោគមវិជ្ជា ឬ រងការចោទប្រកាន់ថា ជាអ្នកគាំទ្រ ខាងជើង»។

ការអត្ថាធិប្បាយ របស់លោក Lee Jae Myung ផ្តោតលើការចោទប្រកាន់ ដែលថា លោក Yoon ធ្លាប់បានណែនាំយោធា ឱ្យបញ្ជូនយន្តហោះគ្មានមនុស្ស បើកពីលើទីក្រុងព្យុងយ៉ាង និង ចែកចាយខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ក្នុងការប៉ុនប៉ងបង្កហេតុ តាមរយៈការជំរុញឲ្យមានការឆ្លើយតបខាងយោធា។

ជាការកត់សម្គាល់ កាលពីឆ្នាំមុន ប្រទេសកូរ៉េខាងជើង ធ្លាប់បាននិយាយថា យន្តហោះគ្មានមនុស្សបើកកូរ៉េខាងត្បូង ត្រូវបានបញ្ជូនទៅទម្លាក់ខិត្តប័ណ្ណឃោសនា ទៅលើរដ្ឋធានី របស់ខ្លួន ប៉ុន្តែ ជាទង្វើដែលយោធារបស់ទីក្រុងសេអ៊ូល មិនបានបញ្ជាក់ ជាផ្លូវការទេ។

ងាកមកករណី លោក Yoon វិញ, រដ្ឋអាជ្ញាបាននិយាយថា អតីតមេដឹកនាំរូបនេះ និងអ្នកផ្សេងទៀតបានឃុបឃិតគ្នា ដើម្បីបង្កើតលក្ខខណ្ឌ ដែលអនុញ្ញាតឱ្យមានការប្រកាសច្បាប់អាជ្ញាសឹកគ្រាអាសន្ន បង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នា ដោយប្រដាប់អាវុធ អន្តរកូរ៉េ និង ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍យោធា ជាសាធារណៈ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner