ការរុករកយន្តហោះ MH370 នឹងចាប់ផ្តើមម្តងទៀត ក្រោយបាត់ខ្លួនអស់ ១១ឆ្នាំ
គូឡាឡាំពួ ៖ ប្រតិបត្តិការរុករកយន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នឹងចាប់ផ្តើមសារជាថ្មីទៀតនៅថ្ងៃទី៣០ ខែធ្នូ ពោលគឺ ១១ឆ្នាំបន្ទាប់ពីវាបានបាត់ខ្លួនយ៉ាងអាថ៍កំបាំងបំផុតក្នុងប្រវត្តិសាស្រ្តវិស័យអាកាសចរណ៍របស់ពិភពលោក។
បើតាមក្រសួងដឹកជញ្ជូនម៉ាឡេស៊ី, ក្រុមហ៊ុន Ocean Infinity ដែលមានមូលដ្ឋាននៅអង់គ្លេស និងអាមេរិក ក៏នឹងចាប់ផ្តើមប្រតិបត្តិការរុករកនៅបាតសមុទ្រឡើងវិញផងដែរ ក្នុងរយៈពេល ៥៥ថ្ងៃ ដើម្បីស្វែងរកតម្រុយពីការបាត់ខ្លួននៃយន្តហោះ MH370។
ជើងហោះហើរ MH370 ជាប្រភេទយន្តហោះ Boeing 777 ដឹកអ្នកដំណើរសរុបចំនួន ២២៧នាក់ រួមទាំងសមាជិកនាវិក ១២នាក់ នៅពេលដែលវាបានបាត់ខ្លួនពីប្រព័ន្ធរ៉ាដា តាមផ្លូវធ្វើដំណើរពីទីក្រុងគូឡាឡាំពួឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ក្នុងឆ្នាំ ២០១៤។
ការស្វែងរកក្នុងខែមេសាឆ្នាំនេះ ភាគច្រើនធ្វើឡើងនៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា ប៉ុន្តែវាត្រូវបានពន្យារពេលដោយសារតែលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។
សូមរម្លឹកថា ការបាត់ខ្លួនជើងហោះហើរ MH370 ដែលបានផ្តាច់ជីវិតអ្នកដំណើរ ២២៧នាក់ រួមទាំងសមាជិកនាវិក ១២នាក់ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ អំឡុងពេលហោះហើរពីទីក្រុងគូឡាឡាំពួ ទៅកាន់ទីក្រុងប៉េកាំង បានក្លាយជារឿងអាថ៍កំបាំងបំផុត និងជារឿងដ៏ភ្ញាក់ផ្អើលជាខ្លាំងដល់មនុស្សនៅទូទាំងពិភពលោក៕
ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា