សម្តេច ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព កូនស្រី ឯកឧត្តម មុត ខៀវ
(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញចូលរួមបុណ្យសព លោកស្រី ខៀវ រ៉ាវី នារសៀលថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅគេហដ្ឋានលេខ ៤៩-៥១ សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមរំលឹកថា លោកស្រី ខៀវ រ៉ាវី ត្រូវជាកូនស្រីបង្កើតរបស់ ឯកឧត្តម មុត ខៀវ រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលមរណភាពកាលពី ថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១០:៣៨នាទីយប់ ក្នុងជន្មាយុ ៤៣ឆ្នាំ ដោយរោគាពាធ ។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម មុត ខៀវ និងលោកជំទាវ អឿន សារ៉ន ព្រមទាំងក្រុមគ្រួសារ និងបានបួងសួង ដល់តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកស្រី ខៀវ រ៉ាវី បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕









អត្ថបទ ៖ ឈឹម សុផល
រូបភាព ៖ ថេត វិចិត្រ