លោក ត្រាំ ព្រមានវាយប្រហារប្រទេសលួចរត់ពន្ធគ្រឿងញៀនចូលទឹកដីអាមេរិក
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសព្រមានក្តែងៗថានឹងប្រើកម្លាំងយោធាវាយប្រហារលើប្រទេសទាំងឡាយណា ដែលហ៊ានលួចរត់ពន្ធគ្រឿងញៀនចូលទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីរាយការណ៍ពី The straits times ក្នុងថ្ងៃពុធ។
ការគំរាមធ្ងន់ៗរបស់លោក Trump ធ្វើឡើងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីរបស់គាត់នៅសេតវិមាន កាលពីថ្ងៃអង្គារ បន្ទាប់ពីមេដឹកនាំអាមេរិករូបនេះបានលើកឡើងអំពីបញ្ហារត់ពន្ធគ្រឿងញៀនកូកាអ៊ីនចេញពីប្រទេសកូឡុំប៊ី។
របាយការណ៍របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា កូឡុំប៊ី គឺជាប្រទេសផលិតកូកាអ៊ីនដ៏ធំបំផុតរបស់ពិភពលោក ភាគច្រើននៃផលិតកម្មគ្រឿងញៀនស្ថិតក្នុងដៃកណ្តាប់ក្រុមជួញដូរថ្នាំញៀន Cartels និងពួកទ័ពព្រៃដ៏សាហាវ។ នេះបើតាមប្រភពពី The guardian។
លោកប្រធានាធិបតី Trump បានព្រមានខ្លាំងៗនៅចំពោះមុខក្រុមកាសែតថា ប្រទេសណាក៏ដោយ ដែលកំពុងជួញដូរ ឬរត់ពន្ធគ្រឿងដោយខុសច្បាប់ចូលទៅក្នុងសហរដ្ឋអាមេរិក ក៏អាចនឹងក្លាយជាគោលដៅនៃការវាយប្រហារផងដែរ មិនមែនមានតែវេណេស៊ុយអេឡាឡើយ។
ឆ្លើយតបការសម្លុតគំរាមបែបនេះរបស់លោក Trump, ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម X ថា ប្រទេសរបស់លោកបានកម្ទេចកន្លែងផលិតគ្រឿងញៀនដោយប្រើពេលត្រឹម ៤០នាទី ដោយមិនចាំបាច់ប្រើមីស៊ីលនោះទេ។
យោងតាមប្រភពពី The guardian, អាជ្ញាធរកូឡុំប៊ីបានរឹតអូសគ្រឿងញៀនកូកាអ៊ីនច្រើនជាង ១,៩០០តោន និងបានដុតបំផ្លាញចោលទីតាំងផលិតគ្រឿងញៀនសម្ងាត់ចំនួន ៤៥៤កន្លែង ចាប់តាំងពីលោកប្រធានាធិបតី Petro ឡើងកាន់តំណែងក្នុងខែសីហា ឆ្នាំ២០២២ គិតមកទល់ខែមករាឆ្នាំនេះ។
គួរកត់សម្គាល់ បច្ចុប្បន្នរដ្ឋបាលលោកប្រធានាធិបតី Trump កំពុងដឹកនាំប្រតិបត្តិការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀននៅក្នុងតំបន់ Caribbean និង Pacific ដោយសម្លាប់មនុស្សយ៉ាងហោច ៨៣នាក់ តាមរយៈការវាយប្រហារដោយមីស៊ីល៕
ប្រភព ៖ The straits times និង The guardian ប្រែសម្រួល ៖ ឈឹម ទីណា