ខែនេះ តៃវ៉ាន់នឹងសាកល្បងហោះហើរយន្តហោះចម្បាំង F-16 របស់អាមេរិក

តៃប៉ិ ៖ ក្នុងខែធ្នូនេះ កងទ័ពអាកាសតៃវ៉ាន់នឹងចាប់ផ្តើមសាកល្បងហោះហើរយន្តហោះចម្បាំង F-16V ដែលកោះនេះបញ្ជាទិញចំនួន ៦៦គ្រឿង ក្នុងតម្លៃ ៨ពាន់លានដុល្លារ កាលពីអំឡុងអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយគ្រោងនឹងចែកចាយដំបូងក្នុងឆ្នាំ ២០២៦។

ប្រមុខកងទ័ពអាកាសតៃវ៉ាន់ លោក Lee Ching-jan បានប្រាប់សភាថា បច្ចុប្បន្នយន្តហោះចំនួន ៥៤គ្រឿងក្នុងចំណោម ៦៦គ្រឿង កំពុងតែចូលក្នុងខ្សែសង្វាក់ផលិតកម្ម។

បើតាមរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Wellington Koo, ការផ្ទេរយន្តហោះពេញលេញទៅតាមកាលបរិច្ឆេតកំណត់ នៅតែជាបញ្ហាប្រឈម ដោយសារបញ្ហាកកស្ទះជាបន្តបន្ទាប់នៃខ្សែសង្វាក់ផ្គត់ផ្គង់។ បញ្ហាទាំងនេះ រួមមានការខ្វះខាតកម្លាំងពលកម្ម និងការពន្យារពេលផ្គត់ផ្គង់គ្រឿងបន្លាស់។

យោងតាមការវាយតម្លៃ យន្តហោះចម្បាំងប្រហែល ១០គ្រឿងប៉ុណ្ណោះ ដែលអាចបញ្ចប់ការផ្គុំ និងការធ្វើតេស្តបានមុនចុងឆ្នាំ២០២៥នេះ ខណៈយន្តហោះទទួលបានលើកដំបូង ត្រូវបានរំពឹងថា នឹងដឹកដល់នៅដើមឆ្នាំ២០២៦។ យន្តហោះនៅសល់ត្រូវបានរំពឹងថា នឹងដឹកជញ្ជូនតាមដំណាក់ចាប់ពីឆ្នាំ ២០២៧ដល់ឆ្នាំ ២០២៨។

យន្តហោះចម្បាំង F-16V ជាយន្តហោះចម្បាំងពហុតួនាទីជំនាន់ទី៤ ដែលនឹងចូលខ្លួនមកជំនួសយន្តហោះចម្បាំង F-16 A/B ជំនាន់ចាស់ៗរបស់តៃវ៉ាន់។ កោះនេះបានបញ្ចប់ការធ្វើទំនើបកម្មរួចរាល់ហើយ លើយន្តហោះចម្បាំង F-16 ស៊េរីចាស់ៗចំនួន ១៤១គ្រឿង ស្របតាមតាមស្តង់ដារ V នៅចុងឆ្នាំ ២០២៣។

មកទល់ពេលនេះ តៃវ៉ាន់កំពុងព្យាយាមពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ដើម្បីទប់ទល់នឹងសម្ពាធរបស់ប្រទេសចិន ក្រោយទីក្រុងប៉េកាំងអះអាងថាកោះនេះជាផ្នែកមួយនៃទឹកដីចិន ហើយថែមទាំងបានគំរាមប្រើកម្លាំងយោធាដើម្បីគ្រប់គ្រងកោះនេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner