អតីតប្រមុខកាទូត អ៊ុយក្រែន ស្នើប្រទេសខ្លួនព្រមចាញ់ កុំឲ្យ រុស្សី វាយយកដីទាំងអស់

កៀវ ៖ អតីតប្រមុខកាទូតអ៊ុយក្រែន លោក Dmitry Kuleba បានស្នើឲ្យប្រទេសរបស់ខ្លួនគួរតែព្រមចាញ់រុស្ស៊ី ប្រសិនបើមិនចង់ឲ្យរុស្ស៊ីវាយយកដីទាំងអស់ទេនោះ ។

លោក Dmitry Kuleba ដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនចន្លោះឆ្នាំ ២០២០ និង ឆ្នាំ ២០២៤ លើកឡើងថា អ៊ុយក្រែន ត្រូវតែទទួលយកការចាញ់ជាយុទ្ធសាស្ត្រ ប្រសិនបើអ៊ុយក្រែនចង់បញ្ចៀសជម្លោះជាច្រើនឆ្នាំទៀតជាមួយរុស្ស៊ី ។

លោកថា ទាំងអ៊ុយក្រែន និងរុស្ស៊ី មានធនធាន ដើម្បីបន្តប្រយុទ្ធគ្នា អស់រយៈពេលជាច្រើនឆ្នាំទៀត ប៉ុន្តែ អ៊ុយក្រែស្ថិតក្នុងស្ថានភាពមួយ ដែលរុស្ស៊ីមានសមត្ថភាពបំផ្លាញទាំងស្រុង ព្រោះថា អ៊ុយក្រែនមិនមានកម្លាំងគ្រប់គ្រាន់ ដើម្បីការពារខ្លួននោះទេ ។

បើតាមអតីតអ្នកការទូតដដែល, បើទោះបីជាការព្រមព្រៀងចុះចាញ់តាមយុទ្ធសាស្ត្រនេះ ពុំទទួលបានការពេញចិត្តក៏ដោយ អ៊ុយក្រែន ត្រូវតែទទួលយក ដើម្បីកុំឲ្យសង្គ្រាម បន្តអូសបន្លាយ ។

ការស្នើសុំរបស់លោក Dmitry Kuleba កើតមានឡើង ចំពេលដែលមានការរំពឹងទុក លើផែនការសន្តិភាពថ្មីរបស់សហរដ្ឋអាមេរិក ។ យោងតាមឯកសារបែកធ្លាយ, ផែនការនេះ តម្រូវឱ្យអ៊ុយក្រែនបោះបង់ចោលផ្នែកខ្លះ នៃតំបន់ Donbass, បោះបង់មហិច្ឆតាសមាជិកភាព ណាតូ និងទទួលយកដែនកំណត់លើទំហំនៃទាហានរបស់ខ្លួន ។ រីឯ អ៊ុយក្រែន វិញ នឹងទទួលបានការធានាសន្តិសុខជាក់លាក់ ពីលោកខាងលិច ។

យោងតាមការចេញផ្សាយ របស់សារព័ត៌មាន RT, អាមេរិក និងរុស្ស៊ី បានពណ៌នា ការពិភាក្សាថា ប្រកបដោយផលិតភាព ប៉ុន្តែ មេដឹកនាំអ៊ុយក្រែន លោក Zelensky និយាយថា បញ្ហាទឹកដី នៅតែស្ថិតក្នុងចំណោម ចំណុចលំបាកបំផុត ក្នុងការដោះស្រាយ ហើយលោកក៏បានបដិសេធ ម្តងហើយម្តងទៀត នូវការធ្វើសម្បទានដីទឹកនេះផងដែរ ៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner