ប្រកាសចូលកាន់តំណែងប្រធានមន្ទីរថ្មីនៃមន្ទីរប្រៃសណីយ៍ខេត្តស្វាយរៀង ជំនួសប្រធានចាស់ចូលនិវត្តន៍
ស្វាយរៀង៖ លោក សុខ សីហា ត្រូវបានប្រកាសតែងតាំងជាប្រធានថ្មី នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តស្វាយរៀង ជំនួសលោក គង់ សេរីវុធ ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍។ពិធីប្រកាសនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ , ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងមន្ទីរ-ស្ថាប័នជុំវិញខេត្តចំនួន១៥០នាក់។

ក្នុងឱកាសនេះជាមួយនឹងការអបអរសាទរចំពោះថ្នាក់ដឹកនាំថ្មីនៃមន្ទីរប្រៃសណីយ៍ថ្មី ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញនូវក្តីសង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទ មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តស្វាយរៀង រដ្ឋបាលខេត្តស្វាយរៀង មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្ត ត្រូវខិតខំបំពេញការងាររួមគ្នា សហការគ្នាបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ ជូនរាជរដ្ឋាភិបាលបន្ថែមទៀត

ឯកឧត្តម ខាយ ឃុនហេង ក៏បានផ្តល់នូវអនុសាសន៍ និងគន្លឹះដើម្បីជំរុញឱ្យវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន កាន់តែទទួលបានជោគជ័យថ្មីៗថែមទៀត ៕
ដោយ៖ង៉ាន់ ទិត្យ




