អាល្លឺម៉ង់ ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលផ្លោងទិញពី អ៊ីស្រាអែល តម្លៃ ៤ ពាន់លានដុល្លារ

ប៊ែរឡាំង ៖ យោធាអាល្លឺម៉ង់បានដាក់ពង្រាយកញ្ចប់ប្រព័ន្ធខែលការពារមីស៊ីល Arrow 3 ជាលើកដំបូងចូលទៅក្នុងជួរកងទ័ព ក្រោយចុះកុងត្រាទិញលក់ប្រព័ន្ធខែលការពារមួយនេះក្នុងឆ្នាំ ២០២៣ ។

Arrow 3 ជាប្រព័ន្ធខែលការពារមីស៊ីលផ្លោងដ៏ទំនើប ដែលអាល្លឺម៉ង់បញ្ជាទិញពីអ៊ីស្រាអែលក្នុងតម្លៃ ៤ ពាន់លានដុល្លារក្នុងមួយគ្រឿង ចំពេលមានភាពតានតឹងខ្លាំងជាមួយរុស្ស៊ី ។

ផលិតឡើងដោយក្រុមហ៊ុន Israel Aerospace Industries និង Boeing, ប្រព័ន្ធ Arrow-3 មានគោលដៅសំខាន់គឺបាញ់កម្ទេចប្រភេទមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ដែលអាចហោះហើរនៅក្រៅស្រទាប់ផែនដី ។

វាក៏បំពាក់ដោយប្រព័ន្ធរ៉ាដាចាប់សញ្ញាដ៏ទំនើប ប្រព័ន្ធបាញ់បង្ហោះ និងកាំជ្រួចស្ទាក់ចាប់ ដែលអាចវាយប្រហារគោលដៅក្នុងរយៈកម្ពស់រហូតដល់ ១០០ គីឡូម៉ែត្រ ។

បើតាម The straits times, ប្រព័ន្ធស្ទាក់ចាប់មីស៊ីលផ្លោង Arrow 3 នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃគំនិតផ្តួចផ្តើម European Sky Shield ដែលបង្កើតឡើង ក្រោយរុស្ស៊ីចូលលុកលុយពេញទំហឹងលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ។

រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius និយាយថា សម្រាប់ជំហានដំបូង យើងកំពុងពង្រឹងសមត្ថភាពការពារដែនអាកាសប្រឆាំងនឹងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ដើម្បីការពារអាយុជីវិតប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធរបស់យើង ។

បើតាមប្រមុខការពារជាតិអាល្លឺម៉ង់រូបនេះ ទីក្រុងប៊ែរឡាំងកំពុងបង្កើនសមត្ថភាពធ្វើជាសសរស្តម្ភរបស់អឺរ៉ុប ហើយព្យាយាមសម្រេចទៅតាមផែនការរបស់អង្គការណាតូ ។

ប្រព័ន្ធ Arrow 3 នេះទៀតសោត នឹងជួយបំពេញបន្ថែមចន្លោះប្រហោងការការពារដែនអាកាសរបស់ប្រទេសអាល្លឺម៉ង់ ដែលបច្ចុប្បន្នកំពុងប្រើប្រាសប្រព័ន្ធប្រឆាំងមីស៊ីល Patriot រយៈចម្ងាយមធ្យម និងប្រព័ន្ធកាំជ្រួចប្រឆាំងមីស៊ីល Iris-T រយៈចម្ងាយខ្លី ។

បច្ចុប្បន្ន ប្រទេសសរុបចំនួន ២៣ ហើយបានចុះហត្ថលេខាចូលរួមគំនិតផ្តួចផ្តើម Sky Shield Initiative ដែលបង្កើតដោយរដ្ឋាភិបាលទីក្រុងប៊ែរឡាំងក្នុងខែសីហា ឆ្នាំ ២០២២ ៕

ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner