លោក ត្រាំ ចុះកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសរ៉ាវ៉ាន់ដា និងកុងហ្គោ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, មេដឹកនាំប្រទេសរ៉ាវ៉ាន់ដា និង ប្រទេសកុងហ្គោ កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខារួមគ្នា នៅលើកិច្ចព្រមព្រៀងសន្តិភាព។
ពិធីចុះហត្ថលេខា ដែលត្រូវបានរៀបចំឡើង នៅទីក្រុងវ៉ាស៊ីនតោន បានកើតមានឡើង បើទោះបីជាការប្រយុទ្ធគ្នានៅតែបន្តកើតមានក៏ដោយ។
បន្ទាប់ពីការចុះហត្ថលេខា ជាមួយ លោក Paul Kagame ដែលជាប្រធានាធិបតីដ៏យូរលង់ របស់ប្រទេស រ៉ាវ៉ាន់ដា និង ប្រធានាធិបតីកុងហ្គោ លោក Felix Tshisekedi រួចមក, លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំគិតថា វានឹងក្លាយជាអព្ភូតហេតុដ៏អស្ចារ្យ សម្រាប់អាហ្វ្រិកនិងពិភពលោក»។
លោក Trump បានបន្ថែមថា «ខ្ញុំមានទំនុកចិត្តច្រើន ចំពោះមេដឹកនាំទាំងពីរ….យើងនឹងរក្សាការប្តេជ្ញាចិត្តទាំងនេះ..ខ្ញុំដឹងថា ពួកគេនឹងអនុវត្តតាមកិច្ចព្រមព្រៀង និងបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រជាជន នៃប្រទេសរបស់ពួកគេ»។
យ៉ាងណា ប្រធានាធិបតីកុងហ្គោ និង សមភាគី រ៉ាវ៉ាន់ដា ជាញឹកញាប់ បានចោទប្រកាន់គ្នា នៅក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះ ដោយម្នាក់ៗតែងតែចោទ ទៅវិញទៅមកថា ជាអ្នកបានចាប់ផ្តើមជម្លោះមុន។
នៅមុនកិច្ចប្រជុំកំពូលនេះ, មានការកើនឡើងនៃការប្រយុទ្ធគ្នា នៅភាគខាងកើត ប្រទេស កុងហ្គោ ដែលសម្បូរដោយធនធាន រវាងកងកម្លាំងរដ្ឋាភិបាល និង ក្រុមឧទ្ទាម M23 ដែលគេជឿថា គាំទ្រដោយប្រទេស រ៉ាវ៉ាន់ដា ។
កងទ័ពរបស់ កុងហ្គោ បានចោទប្រកាន់គូប្រជែងរបស់ខ្លួនថា បានប៉ុនប៉ង “បំផ្លាញ” ដំណើរការសន្តិភាព ប៉ុន្តែ ក្រុមឧទ្ទាម M23 បាននិយាយថា កងទ័ពបានបើកការវាយលុកមុន ដោយបានបំពានលើបទឈប់បាញ់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
