ចិន ព្រមានអាមេរិក កុំឱ្យដើរហួសបន្ទាត់ក្រហមរឿងកោះតៃវ៉ាន់
ប៉េកាំង ៖ សំឡេងពីប្រទេសចិនបានគំរាមខ្លាំងៗថា បញ្ហាកោះតៃវ៉ាន់គឺជាចំណុចកណ្តាលនៃផលប្រយោជន៍ស្នូលរបស់ចិន និងជាខ្សែបន្ទាត់ក្រហមដំបូងដែលអាមេរិកមិនត្រូវឆ្លងកាត់ជាដាច់ខាត ។ នេះបើតាម China Daily ចុះផ្សាយក្នុងថ្ងៃព្រហស្បតិ៍។
ការព្រមានធ្ងន់ៗរបស់ចិន ធ្វើឡើងក្រោយលោកប្រធានាធិបតី Donald Trump នៅថ្ងៃអង្គារ បានចុះហត្ថលេខាលើច្បាប់មួយ ដែលតម្រូវឱ្យក្រសួងការបរទេសពិនិត្យ និងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំជាប្រចាំ អំពីរបៀបដែលអាមេរិកធ្វើអន្តរកម្មជាផ្លូវការជាមួយកោះតៃវ៉ាន់។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian, ចិននឹងប្រឆាំងយ៉ាងអហង្ការ ចំពោះទម្រង់ណាមួយនៃទំនាក់ទំនងផ្លូវការរវាងអាមេរិក និងកោះតៃវ៉ាន់ ហើយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនអនុវត្តការប្រុងប្រយ័ត្នខ្ពស់ ក្នុងការដោះស្រាយបញ្ហាតៃវ៉ាន់។
លោក Lin បានសង្កត់ធ្ងន់ទៀតថា ទីក្រុងវ៉ាស៊ីនតោនគួរតែគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរបស់ចិន-អាមេរិក។
ដូច្នេះលោកជំរុញឱ្យរដ្ឋបាលលោកប្រធានាធិបតី Trump បញ្ឈប់អន្តរកម្មផ្លូវការទាំងអស់ជាមួយតៃវ៉ាន់ និងជៀសវាងការបញ្ជូនសញ្ញាខុសណាមួយទៅកាន់កងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់”។
គួរកត់សម្គាល់ ប្រទេសចិនតែងចាត់ទុកកោះតៃវ៉ាន់ គឺជាខេត្តមួយរបស់ខ្លួន ហើយក៏មិនយល់ព្រមឱ្យតៃវ៉ាន់ប្រកាសខ្លួនជាកោះឯករាជ្យដែរ។ ចំណែកកោះតៃវ៉ាន់វិញ បានប្រកាសបដិសេធដាច់ខាត ចំពោះការទាមទារអធិបតេយ្យភាពនេះ។
មិនត្រឹមតែប៉ុណ្ណោះ តៃវ៉ាន់ក៏បាននឹងកំពុងបង្កើនចំណងមិត្តភាពជាមួយអាមេរិក ដោយមានទាំងការស្នើសុំទិញគ្រឿងសព្វាវុធផ្សេងៗ ក្នុងគោលបំណងយកមកបង្កើនសមត្ថភាពយោធារបស់ខ្លួន ដើម្បីប្រឆាំងទៅនឹងការដាក់សម្ពាធពីប្រទេសចិន៕
ប្រភព ៖ China Daily ប្រែសម្រួល ៖ ឈឹម ទីណា

