អ៊ីរ៉ង់ធ្វើសមយុទ្ធព្រមានកម្ទេចនាវាចម្បាំងអាមេរិកនៅឈូងសមុទ្រ
អ៊ីរ៉ង់ ៖ កងនាវាចរឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ចាប់ផ្តើមធ្វើសមយុទ្ធជើងទឹកទ្រង់ទ្រាយធំនៅឈូងសមុទ្រពែក្ស រួមជាមួយនឹងការបោះពាក្យសម្តីគំរាមធ្ងន់ៗ ថានឹងវាយកម្ទេចនាវាចម្បាំងអាមេរិក បើសិនហ៊ានរំលោភចូលដែនទឹកប្រទេសខ្លួន។
ល្បែងសង្គ្រាមរយៈពេល ២ថ្ងៃនេះ មានឈ្មោះថា “Mohammad Nazeri” ធ្វើឡើងនៅតំបន់ដែនទឹកនៃឈូងសមុទ្រពែក្ស ច្រកសមុទ្រហ័រមូស សមុទ្រអូម៉ង់ និងនៅតាមបណ្តាកោះមួយចំនួនទៀត។
ការបញ្ចេញសាច់ដុំយោធារបស់អ៊ីរ៉ង់នេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីសមត្ថភាពប្រយុទ្ធរបស់កងទ័ពជើងទឹក IRGC និងការអនុវត្តប្រព័ន្ធវាយលុក និងការពារថ្មីនៅក្នុងប្រតិបត្តិការមីស៊ីល ការទប់ទល់ដោយប្រើយន្តហោះដ្រូនពិឃាត ការត្រួតពិនិត្យ និងប្រតិបត្តិការតាមដានដោយប្រើប្រាស់បច្ចេកវិទ្យា AI។
បើតាមក្រុមអ្នករៀបចំ, សមយុទ្ធនេះដែរ ក៏បង្ហាញពីសារចំនួនពីរ គឺសន្តិភាព និងមិត្តភាពដល់ប្រទេសជិតខាង រួមទាំងការព្រមានយ៉ាងច្បាស់ដល់សត្រូវថា ការគណនាខុសណាមួយ នឹងត្រូវប្រឈមមុខនូវការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។
សូមរម្លឹកថា កងកម្លាំងជើងទឹកអ៊ីរ៉ង់ និងអាមេរិក ធ្លាប់មានប្រវត្តិប៉ះទង្គិចគ្នាជាយូរមកហើយ នៅឈូងសមុទ្រពែក្ស សមុទ្រអូម៉ង់ និងច្រកសមុទ្រហ័រមូស ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០។
ហើយក្រោយមក កងទ័ពជើងទឹកអ៊ីរ៉ង់ជារឿយៗតែងបញ្ចេញសាច់ដុំយោធាទ្រង់ទ្រាយធំនៅឈូងសមុទ្រពែក្ស និងសមុទ្រអូម៉ង់ ដើម្បីបង្ហាញពីសមត្ថភាពការពារខ្លួន និងជាសញ្ញាទប់ទល់ជាមួយមហាអំណាចបរទេស៕
ប្រភព ៖ PressTV ប្រែសម្រួល ៖ ឈឹម ទីណា
