សម្ដេច ហ៊ុន ម៉ាណែត ចាត់ទុកការប្រារព្ធទិវាជាតិអ្នកនិពន្ធ ជាការរួមកម្លាំងគ្រប់និន្នាការ ក្នុងការរួមចំណែកពង្រឹងអក្សរសាស្ត្រជាតិ និងវិស័យអប់រំ
ភ្នំពេញ៖ ការប្រារព្ធទិវាជាតិអ្នកនិពន្ធ ជាការជំរុញវប្បធម៌តែងនិពន្ធនៅកម្ពុជា និងជាការរម្លឹកនូវសេចក្តីចងចាំគុណបំណាច់របស់បណ្តាកវីនិពន្ធគ្រប់ជំនាន់ ដែលបានចូលរួមចំណែកពង្រឹងអក្សរសាស្ត្រជាតិ និងវិស័យអប់រំ ។ នេះបើតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥ ក្រោមប្រធានបទ «អ្នកនិពន្ធ គឺជាទូតសុឆន្ទៈ ក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ ដើម្បីសន្តិភាព» ។
តាមរយៈសារលិខិតដែលទទួលបានពីបណ្ដាញសង្គមនាព្រឹកថ្ងៃទី៥ធ្នូ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្រប់នីតិកាល និងតាមរយៈវិស័យអប់រំ វប្បធម៌ និងព័ត៌មាន បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើវិស័យស្រាវជ្រាវ តែងនិពន្ធ ព្រមទាំងបន្តលើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ជាពិសេស គ្រប់គ្រឹះស្ថានអប់រំទាំងរដ្ឋនិងឯកជន សមាគម និងអ្នកនិពន្ធឯកជននានាឱ្យបន្តពង្រឹងការចូលរួម ការតាក់តែង និងការបង្កើតស្នាដៃថ្មីៗ ដើម្បីជាគុណប្រយោជន៍ចំពោះវិស័យសិក្សាអប់រំ ការឆ្លើយតបនឹងតម្រូវការ សិក្សាស្រាវជ្រាវ របស់សិស្ស និស្សិតនិងមជ្ឈដ្ឋានទូទៅ ។
សម្ដេចធិបតីបន្តថា ទិសដៅជាអាទិភាពរបស់យើង គឺការបង្កើនបរិមាណស្នាដៃតែងនិពន្ធ ពង្រឹងនិងលើកកម្ពស់គុណភាព ពង្រឹងក្រមសីលធម៌ និងអត្ថន័យ អត្ថរូប អត្ថរសនៃអត្ថបទនិពន្ធ សំដៅការពារគុណតម្លៃដើមនៃអក្សរសាស្ត្រ វប្បធម៌ ប្រពៃណីជាតិ និងតម្កល់ ផលប្រយោជន៍សង្គមជាធំ។ ជាមួយគ្នានេះ តាមរយៈក្រសួង ស្ថាប័ន ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដោយរាប់បញ្ចូលទាំងកិច្ចការពារសិទ្ធិអ្នកនិពន្ធផងនោះ បានបន្តពង្រឹងសកម្មភាពកសាងច្បាប់ ការអនុវត្តច្បាប់ និងការចូលរួមជាមួយយន្តការតំបន់ និងអន្តរជាតិ លើវិស័យ កម្មសិទ្ធិបញ្ញានេះ ។
ឆ្លៀតក្នុងឱកាសនៃទិវាជាតិអ្នកនិពន្ធនាឆ្នាំនេះ សម្ដេចនាយករដ្ឋមន្ត្រី សូមអំពាវនាវចំពោះក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សានានា សមាគម អ្នកនិពន្ធខ្មែរ និងគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដទៃទៀត សូមចូលរួមសហការគាំទ្រចំពោះវិស័យតែងនិពន្ធ និងសូមចូលរួម ផ្សព្វផ្សាយទិវាជាតិអ្នកនិពន្ធ លើកទី២ ឆ្នាំ២០២៥ ឱ្យបានទូលំទូលាយ ដើម្បីបំផុសស្មារតី សុច្ឆន្ទៈ មនសិការជាតិ ដល់មន្ត្រីរាជការ នគរបាល កងយោធពលខេមរភូមិន្ទ ព្រះសង្ឃ សិស្ស និស្សិត បញ្ញវន្ត កវីនិពន្ធ អ្នកនិពន្ធ និង ប្រជាពលរដ្ឋទូទៅឱ្យកាន់តែគាំទ្រនិងចូលរួមពង្រឹងការអាន ការតែងនិពន្ធ ការបង្កើតស្នាដៃថ្មី ដើម្បីរួមចំណែកដល់ ការអប់រំ ការលើកកម្ពស់សុខដុមភាព វប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រ។ ការចូលរួមឧបត្ថម្ភជាសម្ភារៈថវិកា ក៏ជាកាយវិការដ៏មានតម្លៃដើម្បីពង្រឹងវិស័យនេះ ឱ្យកាន់តែរឹងមាំផងដែរ ។
សម្ដេចធិបតី ក៏បានថ្លែងអំណរព្រះគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គ សូមអរគុណចំពោះបងប្អូនជនរួមជាតិ អ្នកនិពន្ធ កវីនិពន្ធ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែបានរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍអក្សរសិល្ប៍ អក្សរសាស្ត្រជាតិ ដែលជាកេរដំណែលវប្បធម៌ដ៏ពិសិដ្ឋរបស់ជាតិ ៕ ដោយ វណ្ណលុក

