មេធំណាតូស្នើសមាជិកចំណាយ ១ ពាន់លានដុល្លារមួយខែទិញសព្វាវុធជួយអ៊ុយក្រែន
ព្រុចសែល ៖ ប្រមុខអង្គការណាតូលើកឡើងថា រដ្ឋសមាជិកគួរតែហ៊ានចំណាយលុយយ៉ាងហោចណាស់ ១,១៧ពាន់លានដុល្លារក្នុងមួយខែនៅឆ្នាំ២០២៦ ដើម្បីទិញអាវុធពីអាមេរិកជួយដល់អ៊ុយក្រែនបន្តការប្រយុទ្ធជាមួយរុស្ស៊ី។
អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានគូសបញ្ជាក់ថា ការធ្វើបែបនេះ គឺប្រៀបដូចជាការវិនិយោគលើការវាយលុក និងការការពាររបស់អ៊ុយក្រែន រួមទាំងប្រព័ន្ធការពារដែនអាកាសផងដែរ។
បើតាមលោក Rutte, សមាជិកណាតូរៃអង្គាសប្រាក់បានប្រហែល ៤,៦៨ពាន់លានដុល្លារហើយ ចាប់តាំងពីខែសីហា ក្រោមកម្មវិធីយន្តការបញ្ជីតម្រូវការអ៊ុយក្រែនអាទិភាព (PURL) ដែលផ្តួចផ្តើមឡើងដើម្បីកៀរគរថវិកាជួយដល់អ៊ុយក្រែន។
មេដឹកនាំណាតូមានវ័យ៥៨ឆ្នាំនេះ សង្កត់ធ្ងន់ថា ការចូលរួមចំណែកបន្ថែមពីសម្ព័ន្ធមិត្តណាតូ ត្រូវបានគេរំពឹងទុកនៅក្នុងខែខាងមុខ ដើម្បីរក្សា និងពង្រីកការដឹកជញ្ជូនអាវុធជួយដល់អ៊ុយក្រែន។
អ្នកវិភាគអ៊ុយក្រែនប៉ាន់ប្រមាណថា ការបញ្ជាទិញអាវុធរបស់អាមេរិកបញ្ជូនទៅឱ្យអ៊ុយក្រែនអាចឈានដល់ចន្លោះពី ១២ពាន់លានដុល្លារ ទៅ ១៦ពាន់លានដុល្លារនៅឆ្នាំ ២០២៦ ហើយមានការរំពឹងថា នឹងបន្តកើនឡើងរហូតដល់ ២០ពាន់លានដុល្លារ។
កន្លងមក រុស្ស៊ីតែងតែរិះគន់ច្រើនលើកច្រើនសារលើការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចទៅឲ្យអ៊ុយក្រែន ដោយលើកហេតុផលថា ការធ្វើបែបនេះ គឺប្រៀបដូចជាការអូសបន្លាយការប្រយុទ្ធគ្នា និងបង្កើនចំនួនអ្នកស្លាប់តែប៉ុណ្ណោះ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា