លោក ពូទីន ទៅដល់ឥណ្ឌា ចំពេលប្រឈមនឹងសម្ពាធពីអាមេរិក

ញូវដែលី ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានទៅដល់ប្រទេសឥណ្ឌា សម្រាប់ដំណើរទស្សនកិច្ច រយៈពេល២ថ្ងៃ ក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងការពារជាតិ កាន់តែស៊ីជម្រៅ ខណៈដែលទីក្រុងញូវដែលី ប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ឲ្យបញ្ឈប់ការទិញប្រេង ពីទីក្រុងម៉ូស្គូ។

កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានទៅទទួលមេដឹកនាំរុស្ស៊ី ដល់ព្រលានយន្តហោះ ដោយផ្ទាល់, ស្វាគមន៍ជាមួយនឹងកំរាលព្រំក្រហម ព្រមទាំង ជិះឡានជាមួយគ្នា ទៀតផង។

បើតាមសារព័ត៌មាន AFP, លោក ពូទីន បានធ្វើដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសឥណ្ឌា ចាប់តាំងពីសង្រ្គាមអ៊ុយក្រែន។ លោកត្រូវបានអមដំណើរ ដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី គឺ លោក Andrei Belousov ជាមួយនឹងកិច្ចព្រមព្រៀង ដែលអាចកើតមាន ជុំវិញយន្តហោះចម្បាំង និងប្រព័ន្ធការពារដែនអាកាស។ ក្រៅពីនេះ, ទំនាក់ទំនងពាណិជ្ជកម្មត្រូវបានគេរំពឹងថា នឹងមានភាពលេចធ្លោ នៅពេលដែលឥណ្ឌាដើរលើខ្សែរការទូត ដោយពឹងផ្អែកលើការនាំចូលប្រេងពីរុស្ស៊ី ជាយុទ្ធសាស្ត្រ ខណៈពេលដែលខ្លួនព្យាយាមមិនបង្ករឿង ដល់ប្រធានាធិបតីអាមេរិក លោក Donald Trump អំឡុងពេល នៃការចរចារពន្ធ ដែលកំពុងបន្ត។

នៅក្នុងបទសម្ភាសន៍ជាមួយ India Today, លោក ពូទីន បាននិយាយថា «រីករាយណាស់ ដែលបានជួបជាមួយមិត្តរបស់ខ្ញុំ គឺ លោក Modi »។ លោកបន្តថា «ជួរនៃកិច្ចសហប្រតិបត្តិការរបស់យើងជាមួយប្រទេសឥណ្ឌាគឺធំណាស់»។

នាយករដ្ឋមន្ត្រីឥណ្ឌា បាននិយាយ តាមរយៈការបង្ហោះ នៅលើបណ្តាញសង្គម X ថា «ទន្ទឹងរង់ចាំអន្តរកម្មរបស់យើង នៅល្ងាចនេះ និងថ្ងៃស្អែក»៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner