អាល្លឺម៉ង់បញ្ជូនយន្តហោះចម្បាំងទៅប៉ូឡូញ ក្រោយដ្រូនរុស្ស៊ីបង្កហេតុ

ប៊ែរឡាំង ៖ អាល្លឺម៉ង់បញ្ជូនយន្តហោះចម្បាំង Eurofighter ចំនួន ៥គ្រឿង និងបុគ្គលិកយោធាប្រហែល ១៥០នាក់ទៅកាន់ទីក្រុង Malbork របស់ប៉ូឡូញ ដើម្បីជួយការពារដែនអាកាសប្រទេសនេះ ក្រោយមានការលុកលុយពីយន្តហោះដ្រូនរុស្ស៊ី កាលពីខែកញ្ញា។

ប្រមុខកងទ័ពអាកាសអាល្លឺម៉ង់ លោក Holger Neumann និយាយថា តាមរយៈបេសសកម្មនេះ យើងកំពុងបញ្ជូនសារគាំទ្រយ៉ាងរឹងមាំថែមទៀតដល់ប្រទេសជិតខាងប៉ូឡូញ និងសម្ព័ន្ធមិត្តណាតូរបស់យើងទាំងមូល។

យន្តហោះចម្បាំងអាល្លឺម៉ង់ ត្រូវបានដាក់ពង្រាយជាផ្នែកមួយ នៃបេសកកម្ម Eastern Sentry របស់អង្គការណាតូ ហើយពួកវានឹងបន្តឈរជើងនៅទីក្រុង Malbork ក្នុងចម្ងាយប្រហែល ៦០គីឡូម៉ែត្រពីទីក្រុង Gdansk និង ៨០គីឡូម៉ែត្រពីតំបន់ Kaliningrad របស់រុស្ស៊ី។

ក្រៅពីប៉ូឡូញ អាល្លឺម៉ង់ក៏បានដាក់ពង្រាយយន្តហោះចម្បាំង Eurofighter នៅកូឡុំប៊ី ផងដែរ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងផ្នែកខាងកើតណាតូ ចំពេលកើនឡើងភាពតានតឹងខ្លាំងជាមួយរុស្ស៊ី។

ការដាក់ពង្រាយនេះទៀតសោត ធ្វើឡើងបន្ទាប់ពីយន្តហោះចម្បាំង F-16 របស់ប៉ូឡូញ យន្តហោះចម្បាំង F-35 របស់ហូឡង់ យន្តហោះស៊ើបការណ៍ AWACS របស់អ៊ីតាលី និងយន្តហោះចាក់សាំងពាក់កណ្តាលអាកាសរបស់ណាតូ ត្រូវបានបញ្ជូនជាបន្តបន្ទាប់ទៅការពារ និងបាញ់ទម្លាក់យន្តហោះដ្រូន ដែលសង្ស័យជារបស់រុស្ស៊ី ហោះរំលោភដែនអាកាសប៉ូឡូញ កាលពីពាក់កណ្តាលខែកញ្ញាកន្លងមក។

នេះជាលើកដំបូងហើយ ដែលប្លុកយោធាលោកខាងលិចហ៊ានវាយប្រហាររាល់វត្ថុចម្លែកហោះឆ្លងរំលោភដែនអាកាសរដ្ឋសមាជិករបស់ពួកគេ ចាប់តាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើងកាលពីឆ្នាំ ២០២២។ ប៉ុន្តែរុស្ស៊ីនៅតែអះអាងថា យន្តហោះដ្រូនទាំងនោះមិនមែនជារបស់ខ្លួនទេ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner