តៃវ៉ាន់ចោទចិនពង្រាយនាវាចម្បាំងបង្កហេតុ
តៃប៉ិ ៖ តៃវ៉ាន់ចោទចិនដាក់ពង្រាយនាវាចម្បាំងយ៉ាងច្រើន ក្នុងគោលដៅធ្វើប្រតិបត្តិការយោធា ដែលលាតសន្ធឹងរាប់រយគីឡូម៉ែត្រ ចាប់ពីសមុទ្រលឿងរហូតដល់សមុទ្រចិនខាងត្បូង ដែលបង្កជាការគំរាមកំហែងដល់តំបន់ទាំងមូល។
អ្នកនាំពាក្យការិយាល័យប្រធានាធិបតីតៃវ៉ាន់ លោកស្រី Karen Kuo និយាយថា ក្រសួងការពារជាតិ និងទីភ្នាក់ងារសន្តិសុខកំពុងតាមដានសកម្មភាពចិននេះយ៉ាងដិតដល់ និងប្រកបដោយទំនុកចិត្តក្នុងការគ្រប់គ្រងស្ថានការណ៍។
យ៉ាងណា លោកស្រីមិនបានបង្ហើបពីចំនួននាវាចម្បាំងដែលចិនដាក់ពង្រាយទេ ប៉ុន្តែប្រភពសន្តិសុខមួយបានឱ្យដឹងថា ចំនួននាវាចម្បាំងទាំងនោះមានច្រើនគួរឱ្យកត់សម្គាល់។
បើតាមលោកស្រី Kuo, ប្រតិបត្តិការនេះមិនពាក់ព័ន្ធនឹងច្រកសមុទ្រតៃវ៉ាន់ទេ ប៉ុន្តែវាគ្របដណ្តប់តំបន់យ៉ាងទូលំទូលាយ ចាប់ពីភាគខាងត្បូងសមុទ្រលឿនរហូតដល់សមុទ្រចិនខាងកើត ក្បែរកោះ Diaoyu ហើយឆ្លងចូលដល់សមុទ្រចិនខាងត្បូង និងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។
អ្នកនាំពាក្យរូបនេះបន្ថែមថា សកម្មភាពចិននេះបានបង្កគំរាមកំហែង និងប៉ះពាល់ដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងក្នុងតំបន់ទាំងមូល ដូច្នេះតៃវ៉ាន់ជំរុញឱ្យចិនរក្សាការអត់ធ្មត់។
ឆ្លើយតបការលើកឡើងរបស់តៃវ៉ាន់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានសង្កត់ធ្ងន់ថា កងទ័ពជើងទឹកចិនធ្វើប្រតិបត្តិការស្របតាមច្បាប់ និងបានជំរុញឱ្យភាគីពាក់ព័ន្ធកុំប្រតិកម្មហួសហេតុ ឬបង្កើតព័ត៌មានគ្មានមូលដ្ឋាន។
បើតាមការព្រមានរបស់ប្រធានចារកម្មតៃវ៉ាន់ លោក Tsai Ming-yen, ចន្លោះខែតុលា ដល់ខែធ្នូ គឺជារដូវកាលនៃសមយុទ្ធវាយតម្លៃប្រចាំឆ្នាំរបស់ចិន ហើយទីក្រុងប៉េកាំងអាចបង្វែរសកម្មភាពយោធាធម្មតា ទៅជាសមយុទ្ធដែលមានគោលដៅវាយប្រហារកោះតៃវ៉ាន់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
