ក្រសួងបរិស្ថានបិទអាជិវកម្មក្រុមហ៊ុន CAMBODIAN XUAN YI MINERALS ដែលបង្កឲ្យមានការបំពុលបរិស្ថាននៅកំពង់ឆ្នាំង

MC: ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ដែលបានបង្ហូរសារធាតុគីមីគ្រោះថា្នក់ចូលក្នុងប្រព័ន្ធអូរឬស្សី ខេត្តកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរចាត់វិធានការក្តៅ ដោយសម្រេចបិទអាជីវកម្មរបស់ក្រុមហ៊ុននេះតែម្តង។

Read: ក្រសួងបរិស្ថានបានសម្រេចបិទអាជិវកម្មក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ដែលបង្កឲ្យមានការបំពុលបរិស្ថាននៅតំបន់អូរឬស្សីក្នុងខេត្តកំពង់ឆ្នាំង។ ក្រសួងបានរកឃើញក្រុមហ៊ុន បានប្រព្រឹត្តល្មើសច្បាប់បរិស្ថាន ដោយបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវ ប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សី ក្នុងភូមិសាស្ត្រឃុំខ្លុងពពក ឃុំជាប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ក្រសួងបរិស្ថានបញ្ជាក់ថា ក្រុមហ៊ុននេះពុំមានប្រព័ន្ធគ្រប់គ្រងសំណល់រាវត្រឹមត្រូវទេ ដោយអាងស្តុកសំណល់រាវជាស្រះស្តុកធម្មតា មិនមានបំពាក់ប្រព័ន្ធសម្អាត ហើយសំណល់រាវទាំងអស់ចេញពីទីតាំងកិន និងរែងរ៉ែត្រូវបានបង្ហូរលាយឡំជាមួយប្រព័ន្ធលូទឹកភ្លៀង។ លើសពីនេះ ក្រុមហ៊ុនមិនមានកន្លែងទុកដាក់គសំណល់រឹង និងសារធាតុគ្រោះថ្នាក់ត្រឹមត្រូវឡើយ។ ជាងនេះទៅទៀត ក្រុមហ៊ុនពុំបានអនុវត្តការធ្វើរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមានទេ។

សូមបញ្ជាក់ថា យោងតាមលទ្ធផលសំណាកទឹកទាំង៦ទីតាំងខាងលើ គឺមានស្ថានភាពគុណភាពទឹកមិនអនុលោមតាមស្តង់ដារទឹកសាធារណៈ ជាពិសេសប៉ារ៉ាមែត្រសាយ៉ានីដ (Cyanide) នៅចំនួន៥ទីតាំង និងមានកំហាប់ប្រែប្រួល ទាប់ ខ្ពស់ ។ សារធាតុសាយ៉ានីដនេះត្រូវបានគេប្រើប្រាស់ជាទូទៅនៅក្នុងវិស័យឧស្សាហកម្មសម្រាប់ចម្រាញ់រ៉ែមាស។ ចំពោះប៉ារ៉ាមែត្រ CODCr ជាប៉ារ៉ាមែត្របញ្ជាក់ពីសាធាតុគីមីចេញពីរោងចក្រ ដែលជាធម្មតាមិនអាចរកឃើញនៅក្នុងទឹកធម្មជាតិទេ ប៉ុន្តែវាបែរជាត្រូវបានរកឃើញនៅគ្រប់ទីតាំងយកសំណាកទាំងអស់ ទោះបីជាស្ថិតក្នុងកម្រិតទាបក៏ដោយ។

ក្រសួងបរិស្ថាន បានចាត់វិធានការបន្ទាន់ដោយស្នើដល់ប្រជាពលរដ្ឋពាក់ព័ន្ធនៅក្នុងតំបន់ប្រើប្រាស់ទឹកអូរឬស្សី ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ផ្អាកការប្រើប្រាស់ទឹក នេសាទ ឬយកសត្វចិញ្ចឹមចុះផឹកទឹកអូរ ជាបណ្តោះអាសន្ន រហូតដល់មានការណែនាំជាថ្មី។ បន្ថែមពីលើការបិទអាជីវកម្មក្រុមហ៊ុន CAMBODIAN XUAN YI MINERALS ក្រសួងនឹងអនុវត្តវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានចំពោះក្រុមហ៊ុន ដែលបានប្រព្រឹត្តល្មើស បង្កឱ្យមានការបំពុលទឹកនៅក្នុងប្រព័ន្ធទឹកអូរឬស្សី។

ទន្ទឹមនឹងនេះដែរ ក្រសួងកំពុងចាត់វិធានការបច្ចេកទេសទប់ស្លាត់ការបំពុលតំបន់ទឹកអូរឬស្សី ដោយមានការសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន និងសហគមន៍ប្រជាពលរដ្ឋបន្ថែមទៀត៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner