ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ

ព្រះសីហនុ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ កាលពីថ្ងៃសៅរី ទី៦ ខែធ្នូ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ។ ពហុកីឡដ្ឋាននេះបានចាប់ផ្តើមដំណើរការសាងសង់កាលពីឆ្នាំ២០២៣ លើផ្ទៃដី១៦០ហិតតា ស្ថិតក្នុងភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ តាមរចនាបថខ្មែរ រួមបញ្ចូលជាមួយរចនាបថសម័យទំនើប។ ការរចនាគឺផ្តោតសំខាន់ទៅលើការប្រើប្រាស់ពន្លឺធម្មជាតិ និងខ្យល់អាកាសចេញចូលបានល្អ ជាពិសេសផ្សារភ្ជាប់ជាមួយធម្មជាតិ ដែលមានស្រាប់ក្នុងតំបន់នោះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពហុកីឡដ្ឋានក្នុងតំបន់ក្បាលឆាយនេះនឹងក្លាយទៅជាគោលដៅលំហែ និងលេងកីឡាសម្រាប់មហាជនគ្រប់ទិសទី និងទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យចូលមកកាន់ខេត្តព្រះសីហនុបានកាន់តែច្រើនថែមទៀត ដើម្បីរួមចំណែកដល់ការរីកចម្រើនទៅមុខជាលំដាប់របស់ខេត្តជាប់មាត់សមុទ្រដ៏ពេញនិយមមួយនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា នេះមិនមែនគ្រាន់តែជាការកសាងពហុកីឡដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែជាការរៀបចំតាក់តែងកោសិកាសង្គមមួយសម្រាប់កីឡា ក្នុងចំណោមកោសិកាជាច្រើនទៀត ដែលយើងត្រូវរៀបចំនៅក្នុងខេត្តព្រះសីហនុ។ ឯកឧត្តមបន្ថែមថា កិច្ចការដែលត្រូវធ្វើតទៅមុខទៀត គឺត្រូវរៀបខេត្តព្រះសីហនុសម្រាប់គោលដៅលំហែរីករាយផង និងធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អផង។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា បច្ចុប្បន្នខេត្តព្រះសីហនុមានខឿនសេដ្ឋកិច្ចល្អ ដោយបានពង្រីកកំពង់ផែធំជាងមុន ដើម្បីទទួលកប៉ាល់ខ្នាតអន្តរជាតិ មានព្រលានយន្តហោះដ៏ធំសម្រាប់ទទួលការចុះចតយន្តហោះធំៗ ព្រមទាំងមានផ្លូវល្បឿនលឿនសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនឆាប់រហ័ស។ ចំណែកតម្លៃស្នាក់នៅ និងហូបចុក គឺសមរម្យសម្រាប់អ្នកទេសចរ មានទឹកស្អាត និងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ មានប្រព័ន្ធប្រតិបត្តិការធនាគារល្អ និងមានសន្តិសុខសុវត្ថិភាព បន្ទាប់ពីយុទ្ធនាការបង្រ្កាប និងលុបបំបាត់បទល្មើសតាមអនឡាញ និងបទល្មើសផ្សេងៗ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសង្កត់ធ្ងន់ថា ក្នុងការសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ យើងត្រូវរួមគ្នាគិតគូរពិចារណាអំពីការបង្កើតដង្ហើមសេដ្ឋកិច្ចឱ្យបានច្រើន ជៀសវាងការខាតបង់ថវិកាក្នុងការកសាងសមិទ្ធផលនេះ ហើយមិនដំណើរការ។ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ឲ្យមានការគិតគូរពីការរៀបចំផ្សារភ្ជាប់តំបន់ក្បាលឆាយជាមួយក្រុងព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ហើយការរៀបចំនេះនឹងអាចក្លាយទៅជាគំរូសម្រាប់របៀងសេដ្ឋកិច្ចដទៃទៀតផងដែរ៕

អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner