សត្រូវច្រើនពេក អ៊ីស្រាអែល ត្រៀមបង្កើនចំណាយ ៣៤ ពាន់លានដុល្លារ ពង្រឹងវិស័យការពារជាតិ

ហ្សេរុយសាឡឹម ៖ ស្របពេលប្រទេសជាតិប្រឈមមុខនឹងសត្រូវជុំទិស អ៊ីស្រាអែលមានផែនការបង្កើនកញ្ចប់ថវិកាការពារជាតិកើនដល់ ៣៤ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៦ បើធៀបពីមុនមានចំនួន ២៧ពាន់លានដុល្លារប៉ុណ្ណោះ នេះបើតាមប្រភពពីការិយាល័យក្រសួងការពារជាតិអ៊ីស្រាអែលកាលពីថ្ងៃសុក្រ។

មូលហេតុអ៊ីស្រាអែលបង្កើនកញ្ចប់ថវិកាការពារជាតិ គឺដោយសារតែភ្លើងសង្រ្គាមដ៏បំផ្លិចបំផ្លាញនៅតំបន់ហ្គាហ្សា ពិសេសជម្លោះប្រដាប់អាវុធជាមួយពួកហាម៉ាស់ និងក្រុមហេសបូឡា បានជះឥទ្ធិពលយ៉ាងខ្លាំងលើការបែងចែកហិរញ្ញវត្ថុរបស់ប្រទេសនេះ តួយ៉ាង ការចំណាយផ្នែកយោធាក្នុងឆ្នាំ២០២៤ បានហក់ឡើងដល់ ៣១ពាន់លានដុល្លារឯណោះ។

ជុំវិញផែនការនេះដែរ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានយល់ព្រមលើក្របខ័ណ្ឌចំណាយលើវិស័យការពារជាតិ ខណៈគណៈរដ្ឋមន្ត្រីចាប់ផ្តើមពិភាក្សាអំពីថវិកាសម្រាប់ឆ្នាំក្រោយ ដែលចាំបាច់ត្រូវតែអនុម័តនៅខែមីនា ឬអាចនាំទៅរកការបោះឆ្នោតថ្មី។

បើតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល, កញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៦ តំណាងឱ្យការកើនឡើងចំនួន ១៤ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣ ពោលគឺមុនពេលប្រទេសជាតិធ្លាក់ចូលភ្លើងសង្គ្រាម ហើយវាមានគោលបំណងពង្រឹងកងទ័ព និងផ្តល់អាទិភាពដល់កំណើនសេដ្ឋកិច្ច ក៏ដូចជាការសង្គ្រោះប្រជាពលរដ្ឋ៕

ប្រភព ៖ The Times of Israel ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner