ឯកឧត្តម ហ៊ុន ម៉ានី ចុះសួរសុខទុក្ខ និងប្រគល់អំណោយជូនកម្លាំងប្រដាប់អាវុធជួរមុខតាមបណ្តោយព្រំដែន

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូនដល់អង្គភាពកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។

អញ្ជើញមានវត្តមានក្នុងពិធីនោះរួមមាន ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស, ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោគ និងទាហ៊ាន នាយទាហ៊ានរង ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាអុប្រធាន ស.ស.យ.ក. សមាជិកគណៈអចិន្រ្តៃយ៍ និងសមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឡើងធ្វើរបាយការណ៍ពីវឌ្ឍនភាព នៃស្ថានភាពក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងបានថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុន ម៉ានី និងប្រតិភូទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ចំពោះកងកម្លាំងជួរមុខ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចធិបតី និងបានថ្លែងអំណរគុណចំពោះអគ្គមេបញ្ជាការ មេបញ្ជាការង នាយទាហ៊ាន នាយទាហ៊ានរង ទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលះបង់ដើម្បីការពារបូរណភាពទឹកដី និងសុខសុវត្ថភាពរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តថា ប្រជាជននៅសមរភូមិក្រោយ រួមទាំងក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស តែងតែនៅជាមួយកងកម្លាំង ដែលឈរជើងនៅសមរភូមិជួរមុខគ្រប់កាលៈទេសៈ៕ ប្រភព យុវជន

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner