ជប៉ុនបញ្ចេញយន្តហោះចម្បាំងឃ្លាំមើលចិនបង្ហាញសាច់ដុំយោធានៅតំបន់ប៉ាស៊ីហ្វិក
តូក្យូ ៖ ជប៉ុនបានបញ្ចេញយន្តហោះចម្បាំងមួយចំនួនគ្រឿង តាមឃ្លាំមើលសកម្មភាពចិនភ្លាមៗ នៅពេលកងយន្តហោះចម្បាំងជើងទឹកចិនហាត់ហ្វឹកហ្វឺនហោះហើរ នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ចេញពីនាវាដឹកយន្តហោះចម្បាំង Liaoning កាលពីថ្ងៃសៅរ៍។
បើតាមក្រសួងការពារជាតិជប៉ុន, មូលហេតុដែលកងកម្លាំងស្វ័យការពារជាតិបញ្ចេញកងយន្តហោះចម្បាំងរបស់ខ្លួន គឺដោយសារតែនាវាដឹកយន្តហោះចម្បាំង Liaoning របស់ចិន បានបើកឆ្លងកាត់ដែនទឹកនៃប្រជុំកោះអូគីណាវ៉ា ភាគខាងត្បូងឆ្ងាយបំផុតរបស់ប្រទេសចិន។
ជប៉ុនប្រទះឃើញនាវា Liaoning នៅសមុទ្រចិនខាងកើត កាលពីថ្ងៃទី៥ ខែធ្នូ នៅចម្ងាយប្រហែល ៤២០គីឡូម៉ែត្រភាគខាងជើងនៃកោះ Kuba ដែលជាកោះគ្រប់គ្រងដោយប្រទេសជប៉ុន ប៉ុន្តែត្រូវបានទាមទារដោយប្រទេសចិន។
អមដោយនាវាចម្បាំងចំនួន ៣គ្រឿង នាវា Liaoning មានគោលដៅធ្វើដំណើរឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក និងធ្វើការហាត់ហ្វឹកហ្វឺនហោះហើរនៃកងយន្តហោះចម្បាំងក្នុងចម្ងាយប្រហែល ២៧០គីឡូម៉ែត្រ ភាគខាងលិចកោះ Okidaito។
យោងតាម The Straits Times, ល្បែងសង្គ្រាមរបស់ចិននេះ ធ្វើឡើងក្នុងគោលបំណងហាត់សមកងយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រជើងទឹក អំពីរបៀបហោះឡើង និងចុះចតនៅលើនាវាដឹកយន្តហោះ ចំពេលជម្លោះការទូតកើនឡើងខ្លាំងរវាងប្រទេសជិតខាងអាស៊ីទាំងពីរ។
នេះគឺជាលើកដំបូងហើយ ដែលមហាយក្សចិនធ្វើសមយុទ្ធនៅក្នុងដែនសមុទ្រក្បែរប្រទេសជប៉ុន ចាប់តាំងពីទីក្រុងប៉េកាំងដាក់បញ្ចូលនាវាដឹកយន្តហោះចម្បាំងទំនើបបំផុតទី៣ FuJian ទៅក្នុងជួរកងទ័ពកាលពីខែវិច្ឆិកាឆ្នាំនេះ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា