ទីភ្នាក់ងារជាតិមុខរបរបង្ហាញឱកាសការងារជាង១ម៉ឺន២ពាន់កន្លែងក្នុងពិព័រណ៍នៅខេត្តសៀមរាប

MC: ភ្នាក់ងារជាតិមុខរបរ និងការងារ បានរៀបចំពិព័រណ៍ការងារមួយ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយបង្ហាញឱកាសការងារជាង១ម៉ឺន២ពាន់កន្លែង ព្រមទាំងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈឥតគិតថ្លៃ សម្រាប់បងប្អូនអតីតពលករ ដែលត្រឡប់មកពីប្រទេសថៃ។

Read ៖ ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយដៃគូពាក់ព័ន្ធ រៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណសាលាបឋមសិក្សាសម្តេច ហ៊ុន សែន រណសិរ្សត្រីភូមិ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ពិពណ៌នេះបានបង្ហាញឱកាសការងារចំនួនជាងមួយមឺនពីរពាន់កន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ។

ក្នុងឱកាសនោះ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការនាំយកសហគ្រាស ក្រុមហ៊ុន រោងចក្រ មកដល់មូលដ្ឋានរបស់បងប្អូនអតីតពលករ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកសូទ្រនិគមនេះផ្ទាល់ គឺដើម្បីកុំឱ្យបងប្អូនពិបាក បើទោះបីជាសម្ភាសការងារជាប់ ឬមិនជាប់ ក៏បងប្អូនមិនចាំបាច់ចំណាយថ្លៃធ្វើដំណើរទៅរាជធានីភ្នំពេញ ឬក៏ទៅខេត្តផ្សេងៗនោះឡើយ។

ឯកឧត្ដមរដ្ឋមន្ត្រី បញ្ជាក់ថា ការទៅធ្វើការងារនៅក្រៅប្រទេសមិនមែនជារឿងអាក្រក់នោះទេ តែបងប្អូនក៏ត្រូវសម្រេចចិត្តដែរថាតើយើងគួរទៅប្រទេសណាមានប្រាក់ឈ្នួលខ្ពស់ ២ទៅ៣ដង ច្រើនជាងនៅក្នុងស្រុកយើង ហើយអាចត្រឡប់មកវិញជាមួយជំនាញថែមទៀត។

ឯកឧត្ដមរដ្ឋមន្រ្តីបានបញ្ជាក់ថា ប្រាក់ឈ្នួលដែលបងប្អូនធ្វើនៅតាមសហគ្រាស ក្រុមហ៊ុន ឬរោងចក្រ ដែលក្រសួងការងារនាំយកមកដល់ទីនេះ អាចទាបជាងប្រទេសថៃបន្តិចមែន ប៉ុន្តែអ្វីដែលបងប្អូនទទួលបានគឺខុសពីការធ្វើការងារនៅប្រទេសថៃ។ ជាក់ស្តែង ពេលបងប្អូនមានគ្រោះថ្នាក់ការងារ ប.ស.ស. ជួយព្យាបាល ហើយនៅពេលបងប្អូនគ្រោះថ្នាក់ការងារចៃដន្យ ធ្លាក់ខ្លួនពិការមិនអាចធ្វើការងារបាន ក៏ ប.ស.ស. នឹងជួយចិញ្ចឹមបងប្អូនពេញមួយជីវិត ហើយកូនចៅរបស់បងប្អូនដែលនៅក្នុងបន្ទុក ក៏ ប.ស.ស. នឹងចិញ្ចឹមរហូតដល់ពួកគេអាយុ១៨ឆ្នាំ។

ក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីអត្ថប្រយោជន៍នៃការទទួលបានការព្យាបាលជំងឺដោយឥតគិតថ្លៃជាមួយប័ណ្ណ ប.ស.ស. មានប្រាក់សោធនពេលធ្វើការដល់អាយុ ៦០ឆ្នាំ ហើយអាចរស់នៅជួបជុំក្រុមគ្រួសារប្រកបដោយសុភមង្គលទៀតផង។

ទន្ទឹមនេះ ឯកឧត្ដមក៏បានបង្ហាញពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥លាននាក់ របស់រាជរដ្ឋាភិបាលទៅដល់អតីតពលករ និងប្រជាពលរដ្ឋនៅទីនោះ ដើម្បីទទួលការសិក្សារៀនសូត្រ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀត និងមានជំនាញបន្ថែមពិតប្រាកដ ដែលឆ្លើយតបតាមតម្រូវការសង្គម ស្របតាមពាក្យស្លោកមួយលើកឡើងថា “ជំនាញមួយ គឺជាអនាគតមួយ”៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner