១ខែ ទឹកជំនន់បំផ្លាញសេដ្ឋកិច្ចតំបន់អាស៊ី ២០ ពាន់លានដុល្លារ

អាស៊ី ៖ គ្រោះមហន្តរាយទឹកជំនន់ដ៏កំណាច ឆក់យកជីវិតមនុស្សច្រើនជាង ១,៧០០នាក់ និងបង្កការបំផ្លិចបំផ្លាញសេដ្ឋកិច្ចប្រហែល ២០ពាន់លានដុល្លារ គិតក្នុងខែវិច្ឆិកាមួយប៉ុណ្ណោះ ដោយវាបានបង្កការគំរាមកំហែងគ្របដណ្តប់ផ្នែកនៃតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ នេះបើតាម The Straits Times ចុះផ្សាយសប្តាហ៍នេះ។

បើតាមលោកវេជ្ជបណ្ឌិត Davide Faranda នាយកស្រាវជ្រាវផ្នែករូបវិទ្យាអាកាសធាតុនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវិទ្យាសាស្ត្របារាំង, បញ្ហាប្រែប្រួលអាកាសធាតុ គឺជាមូលហេតុមិនអាចប្រកែកបាន ដែលជំរុញឱ្យកើតមានគ្រោះទឹកជំនន់កាន់តែធ្ងន់ធ្ងរនៅតំបន់អាស៊ីអាគ្នេយ៍។

រីឯក្រុមហ៊ុនស្រាវជ្រាវ BMI ដែលមានឯកទេសស្រាវជ្រាវពីហិវញ្ញុវត្ថុ បានរំពឹងថា ហានិភ័យនៅតំបន់អាស៊ីអាគ្នេយ៍ គឺជាការប្រឈមមុខនូវគ្រោះមហន្តរាយរួម នៅពេលដែលបាតុភូតអាក្រក់ៗបានកើតឡើងជាប់ៗគ្នា ហើយនឹងកាន់តែញឹកញាប់ជាងមុន ព្រមទាំងបង្កការបំផ្លិចបំផ្លាញរឹតតែខ្លាំងក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀត។

យោងតាមការព្យាកររបស់ BMI, ប្រជាជនរស់នៅតំបន់អាស៊ីអាគ្នេយ៍នឹងប្រឈមមុខនូវហានិភ័យរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរជាងគេ ក្នុងនោះម៉ាឡេស៊ី ២១ភាគរយ និងឥណ្ឌូនេស៊ី ២០ភាគរយ ហើយសិង្ហបុរី វៀតណាម ហ្វីលីពីន និងស្រីលង្កាសុទ្ធតែ ១៥ភាគរយ។

ចំណែកប្រទេសអាស៊ីអាគ្នេយ៍ដែលងាយរងគ្រោះខ្លាំងជាងគេ រួមមានហ្វីលីពីន មីយ៉ាន់ម៉ា និងវៀតណាម បានស្ថិតក្នុងចំណោមប្រទេសទាំង ១០ ដែលបានរងផលប៉ះពាល់ខ្លាំងបំផុត ពីការប្រែប្រួលអាកាសធាតុក្នុងឆ្នាំ២០២៤។

គួរបញ្ជាក់ថា ការខាតបង់សេដ្ឋកិច្ចសរុបចំនួន ២០ពាន់លានដុល្លារ គិតត្រឹមក្នុងខែវិច្ឆិកាតែមួយនេះ ធ្វើឡើងដោយផ្អែកលើការប៉ាន់ប្រមាណរបស់រដ្ឋាភិបាល និងអ្នកវិភាគប៉ុណ្ណោះ ប៉ុន្តែតួលេខខាតបង់សរុបចុងក្រោយ ត្រូវបានរំពឹងថា ទំនងជាកើនឡើងខ្ពស់ជាងនេះ។

ដោយឡែក កាលពីឆ្នាំ ២០២៤ ទឹកជំនន់តាមរដូវកាលបានបង្កការខាតបង់សេដ្ឋកិច្ចប្រមាណ ២៥ពាន់លានដុល្លារ នៅទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នេះបើយោងតាមការសិក្សាដោយក្រុមហ៊ុនធានារ៉ាប់រង Aon ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner