ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអបអរសាទរដល់ Bamnang Academy ដែលត្រូវបានជ្រើសរើសវិនិយោគដោយក្រុមហ៊ុន Plug and Play នៅ Silicon Valley សហរដ្ឋអាមេរិក

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមអបអរសាទរដល់ Bamnang Academy ដែលត្រូវបាន មជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ជ្រើសរើសជាក្រុមហ៊ុនទី ១ របស់កម្ពុជា ដើម្បីវិនិយោគ និងមានបំណងជំរុញឱ្យទៅជាក្រុមហ៊ុនកម្រិត អន្តរជាតិ។ នៅក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ Bamnang Academy ក៏ត្រូវបានជ្រើសរើស ជាជ័យលាភី ពាន់រង្វាន់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រចាំឆ្នាំ២០២៥ ពីក្នុងចំណោមធុរកិច្ចថ្មី និងក្រុមហ៊ុន ៨៦ ដែលបានចូលរួមប្រកួតប្រជែង។ ពិធីប្រកាសពានរង្វាន់ឆ្នាំនេះ ចូលរួមដោយថ្នាក់ដឹកនាំក្រសួងស្ថាប័ន ធុរកិច្ចថ្មីឌីជីថលអាស៊ាន និងភ្ញៀវបរទេសមកពីប្រមាណ ២៧ ប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបង្ហាញ ចំណាប់អារម្មណ៍ ទាំងមោទនភាពថា “ការសម្រេចចិត្ត របស់ Plug and Play វិនិយោគលើ Bamnang Academy ស្ដែង ឱ្យឃើញពីលទ្ធផលនៃកិច្ចខិតខំរបស់គ្រប់ភាគគីពាក់ព័ន្ធក្នុងការកសាង បរិយាកាស អំណោយផល សម្រាប់ អ្នក មានសមត្ថភាព ក្នុង ការចាប់ ឱកាស រីកចម្រើន ទាំងក្នុងស្រុង និងសាកលលោក។ ការវិនិយោគនេះគឺជាសមិទ្ធផលដ៏សំខាន់ សម្រាប់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល របស់ កម្ពុជា ដែលកំពុងរីកចម្រើន និងឆ្លុះបញ្ចាំងពីសមត្ថភាពលេចធ្លោរបស់ធុរជនកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ ” ឯកឧត្ដម David L. Almirol អនុរដ្ឋមន្ត្រី ក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (DICT) នៃសាធារណរដ្ឋហ្វ៊ីលីពីន បានផ្ដល់ ការលេីកទឹកចិត្តជាប្រាក់រង្វាន់ដល់ក្រុមហ៊ុន Jobify និង Bamnang ចំនួន ១ម៉ឺនដុល្លារ ក្នុង ១ក្រុុមហ៊ុន។

Plug and Play គឺជាក្រុម ពន្លឿន ធុរកិច្ចថ្មី (Startup Accelerator) ដ៏ល្បីល្បាញ បំផុតមួយក្នុងពិភពលោក ដែលមានស្នាដៃជួយស្ថាបនិកអាជីវកម្មដំណាក់កាលដំបូងឱ្យរីកចម្រើនក្លាយជា Unicorns (ធុរកិច្ចថ្មីដែលមាន តម្លៃសរុបលើសពី ១ ពាន់ លាន ដុល្លារ) ជាង 30 នៅទូទាំងពិភពលោក។ ក្រុម ហ៊ុន Google ក៏បានពង្រីកខ្លួនចេញពីការគាំទ្ររបស់ Plug and Play ផងដែរ។ ប្រព័ន្ធអេកូឡូស៊ីរបស់ Plug and Play ភ្ជាប់ស្ថាបនិកអាជីវកម្មជាមួយអ្នកវិនិយោគធំៗ ដៃគូក្រុមហ៊ុន និងប្រឹក្សាយោបល់លំដាប់ពិភពលោក ដែលផ្ដល់មូលដ្ឋានរឹងមាំដល់ធុរកិច្ចថ្មីឱ្យពង្រីកអាជីវកម្មបានលឿនជាងមុន ច្នៃប្រឌិតដោយក្លាហាន និងឈានដល់សក្ដានុពលដែលមានតម្លៃរាប់ពាន់លានដុល្លារ។

Bamnang Academy ត្រូវបានបង្កើតដោយ អតីតនិស្សិត ៣នាក់ ដែលរៀននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងនៅសហរដ្ឋអាមេរិក៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner