ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី៣០មានអ្នកចូលរួមកើនឡើង២៥%
សៀមរាប៖ ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី៣០ ដែលរៀបចំនៅលើទឹកដីងអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ២០២៥ បានស្រូបទាញភ្ញៀវជាតិ និងអន្តរជាតិមកចូលរួម ១៦ ០០០នាក់ មកពីជាង៨០ប្រទេសជុំវិញពិភពលោកពោលគឺកើនឡើង២៥ភាគរយបើប្រៀបធៀបកាលពីឆ្នាំ២០២៤ ដែលមានអ្នកចូលរួមជាង១៤ ០០០នាក់។ ក្នុងនោះអត្តពលិកអន្តរជាតិ៣ ៣៦២នាក់ មកពី៨៦ប្រទេស មានបារាំង អូស្ត្រាលី អាមេរិកកាំង និងជប៉ុនចូលរួមច្រើនជាងគេ។

ឯឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងរំលេចថា កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបងប្អូនមិត្តភក្តិជនបរទេស ដែលបានមកជាលើកដំបូងនិងសង្ឈឹមវិលមកសាជាថ្មីម្ដងទៀតដោយដក់ចិត្តស្រឡាញ់កម្ពុជា។ ឯកឧត្តមបញ្ជាក់ថា ទោះបីយើងមកពីប្រទេសផ្សេងគ្នា និយាយភាសាខុសគ្នាក៏ដោយ ប៉ុន្តែថ្ងៃនេះយើងនិយាយភាសាតែមួយ គឺភាសាកីឡានិងសាមគ្គីភាព។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីក៏បានបន្ថែមថា យើអាចមានការជុំគ្នាថ្ងៃនេះដោយសប្បាយរីករាយ មិនមែនជារឿងចៃដន្យនោះទេ ពោលនេះផ្លែផ្កានៃសុខន្តិភាពពេញលេញ។ ដូចពាក្យស្លោកពោលថា កីឡារស់ក្នុងសន្តិភាព, កីឡានាំមកនូវសុខភាព និងសាមគ្គីភាពរវាងប្រជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងសង្កាត់ធ្ងន់ថា កក្តាដែលជំរុញឱ្យព្រឹត្តិការណ៍មួយនេះកាន់តែមានកំណើនអ្នកចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិ គឺបានកើតចេញពីសុខសន្តិភាព ធ្វើឱ្យបណ្តាលប្រទេសមកចូលរួមជឿជាក់លើការដឹកនាំរបស់ប្រទេសកម្ពុជា។

សូមជម្រាប់ថា ទិវារត់ប្រណាំងម៉ារ៉ាអន្តរជាតិជាតិអង្គរលើកទី៣០ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅនៅមុខបរិវេណអង្គរមាន៤វិញ្ញាសា។វិញ្ញាសារត់ចម្ងាយ២១គីឡូម៉ែត្រមានអត្តពលិកចូលរួម៤ ០០០នាក់ វិញ្ញាសារត់១០គីឡូម៉ែត្រមាន៨០០០នាក់ វិញ្ញាសារត់ចម្ងាយ៥គីឡូម៉ែត្រមាន៣៧០០នាក់ និងវិញ្ញាសារត់ចម្ងាយ៣គីឡូម៉ែត្រមាន២៥០នាក់៕
រូបភាព ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ



