កម្ពុជាប្តេជ្ញាបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្សឲ្យអស់នៅឆ្នាំ២០៣០ ក្រោយពន្យារពេល៣ដង

MC: កិច្ចប្រជុំលើកទី២២នៃរដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សបានអនុម័តលើសំណើសុំពន្យារពេលបញ្ចប់ការបោសសម្អាតមីនរបស់កម្ពុជាជាលើកទី៣ ដោយផ្តល់កាលបរិច្ឆេទកំណត់ថ្មី គឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣០។

Read: កិច្ចប្រជុំលើកទី២២នៃរដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (ឬ អនុសញ្ញាអូតាវ៉ា) បានអនុម័តជាផ្លូវការលើសំណើសុំពន្យារពេលរបស់កម្ពុជាជាលើកទី៣ ដើម្បីបញ្ចប់ការបោសសម្អាត និងកម្ទេចចោល គ្រាប់មីនប្រឆាំងមនុស្ស ក្រោមមាត្រា៥នៃអនុសញ្ញានេះ។ កាលបរិច្ឆេទកំណត់ថ្មី គឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។

កម្ពុជាបានស្នើសុំពន្យារពេលបោសសម្អាតមីន២លើករួចហើយ ដោយលើកទី១ ឆ្នាំ២០១០-២០១៩ និងលើកទី២ ឆ្នាំ២០២០-២០២៥។ សម្រាប់សំណើសុំលើកទី២ ក្នុងការបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ កម្ពុជាបានជួបបញ្ហាប្រឈមមួយចំនួន ដូចជា៖ ខ្វះធនធាន និងការកើនឡើងទំហំផ្ទៃដីសង្ស័យមានមីន ដែលស្រាវជ្រាវរកឃើញថ្មីក្នុងតំបន់មួយចំនួន ជាពិសេសនៅតាមបណ្តោយខេត្តជាប់ព្រំដែនថៃ។

ការសម្រេចជាឯកច្ឆន្ទនៅពេលនេះបានគូសបញ្ជាក់ពីភាពជាអ្នកដឹកនាំ ការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តពេញលេញទៅតាមកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា។ ការសម្រេចចិត្តនេះក៏បានឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងការបន្តគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធសកម្មភាពមីនផងដែរ។

យោងតាមអាជ្ញាធរមីនកម្ពុជា មកទល់នឹងពេលនេះ កម្ពុជាសម្រេចបានសមិទ្ធផលល្អគួរឲ្យកត់សម្គាល់ ដោយកាត់បន្ថយការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាង ៣ ៣០០គីឡូម៉ែត្រការ៉េ ដោយរកឃើញ និងកម្ទេចចោលបានជាង៤លានគ្រាប់។ សមិទ្ធផលទាំងនេះបានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខសុវត្ថិភាពសហគមន៍ ការលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅទូទាំងប្រទេស។ បច្ចុប្បន្ន កម្ពុជានៅសល់ផ្ទៃដីចំនួនប្រហែល ១ ៧០០ គីឡូម៉ែត្រការ៉េទៀត ដែលបន្តរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងនោះផ្ទៃដីមានមីនចំនួនជាង ៥០០ គីឡូម៉ែត្រការ៉េ។

ជាមួយគ្នានេះ រដ្ឋភាគីបានទទួលស្គាល់ថា មីននៅតែបន្តជាបញ្ហាប្រឈមធ្ងន់ធ្ងរសម្រាប់កម្ពុជា ជាពិសេសនៅតាមតំបន់ព្រំដែន ដែលនៅមានមីនច្រើន ការបោសសម្អាតជួបការលំបាកខ្លាំង ផ្លូវពិបាកចូលទៅដល់ ហើយមានហានិភ័យខ្ពស់ដល់សហគមន៍ និងបង្កគ្រោះថ្នាក់ដល់ប្រជាជន។ ការយកឈ្នះលើឧបសគ្គទាំងនេះ ទាមទារឱ្យកម្ពុជាបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង ពង្រឹងភាពជាដៃគូ និងធនធានបន្ថែម។

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះ ជនពិការដោយសារមីន បានអំពាវនាវដល់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ បន្តឈរជាមួយការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាគ្មានមីនឆ្នាំ២០៣០»៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner