កូរ៉េខាងត្បូង ចាយជិត ៣០០ លានដុល្លារ ផលិតមីស៊ីលសម្រាប់យន្តហោះចម្បាំង

សេអ៊ូល ៖ កូរ៉េខាងត្បូងបើកដំណើរការគម្រោងផលិតមីស៊ីលបញ្ជាទិសរយៈចម្ងាយខ្លីជាផ្លូវការ សម្រាប់បំពាក់ដល់យន្តហោះចម្បាំងផលិតក្នុងស្រុក KF-21 ជាមួយនឹងការបោះទុនវិនិយោគដល់ទៅ ២៩៦លានដុល្លារ។ នេះបើតាម defence blog ចុះផ្សាយសប្តាហ៍នេះ។

យោងតាមទីភ្នាក់ងារទិញសព្វាវុធកូរ៉េខាងត្បូង (DAPA), គំនិតផ្តួចផ្តើមនេះ ធ្វើឡើងមានគោលបំណងបំពាក់សព្វាវុធផលិតក្នុងស្រុកដល់យន្តហោះចម្បាំង KF-21 កាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាមីស៊ីលរបស់អាមេរិក និងអឺរ៉ុប មានដូចជា AIM-9X Sidewinder ឬ IRIS-T ពិសេសគាំទ្រដល់គោលដៅនាំចេញផ្នែកការពារជាតិដ៏ទូលំទូលាយរបស់កូរ៉េខាងត្បូង។

មីស៊ីលដែលដឹកនាំផលិតដោយទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍វិស័យការពារជាតិ (ADD) និងក្រុមហ៊ុនម៉ៅការការពារជាតិក្នុងស្រុក រួមមាន LIG, Nex1 និងHanwha Aerospace ត្រូវបានរំពឹងថា នឹងរួចរាល់នៅត្រឹមឆ្នាំ២០៣២។

ហើយកូរ៉េខាងត្បូងគ្រោងនឹងបំពាក់ដល់យន្តហោះចម្បាំង KF-21 Boramae ដែលជាប្រភេទយន្តហោះចម្បាំងពហុមុខងារជំនាន់៤.៥ ដែលអភិវឌ្ឍដោយក្រុមហ៊ុន Korea Aerospace Industries (KAI)។

យន្តហោះចម្បាំង KF-21 Boramae បានបញ្ចប់ការហោះហើរលើកដំបូងដោយជោគជ័យក្នុងឆ្នាំ២០២២ ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមដំណាក់កាលនៃការអភិវឌ្ឍន៍ និងការវាយតម្លៃ ដែលគ្រោងនឹងដាក់ពង្រាយនៅចុងទសវត្សរ៍នេះ។

គួរកត់សម្គាល់ កូរ៉េខាងត្បូងកំពុងព្យាយាមបោះជំហានប្រឡូកចូលទីផ្សារការពារជាតិពិភពលោក តាមរយៈកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំង KF-21 ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីដៃគូ និងអតិថិជនមានសក្តានុពល ពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ និងមជ្ឈិមបូព៌ា៕

ប្រភព ៖ defence blog ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner