អាហ្សង់ទីន ទទួលបានយន្តហោះចម្បាំង F-16 ចំនួន ៦គ្រឿងដំបូងពី ដាណឺម៉ាក
ប៊ុយណូស៊ែ ៖ កញ្ចប់ដំបូងនៃយន្តហោះចម្បាំងអាមេរិក F-16 ចំនួន ៦គ្រឿង ក្នុងចំណោម ២៤គ្រឿងដែលអាហ្សង់ទីនបញ្ជាទិញពីដាណឺម៉ា បានដឹកជញ្ជូនមកដល់មូលដ្ឋានយោធា Tarmac ក្នុងទីក្រុង Rio Cuarto របស់ប្រទេសអាមេរិកខាងត្បូងមួយនេះ។

មូលហេតុដែលអាហ្សង់ទីនចាយលុយដល់ទៅ ៣០០លានដុល្លារទិញយន្តហោះចម្បាំង F-16 របស់អាមេរិកតាមរយៈដាណឺម៉ាកកាលពីឆ្នាំមុន គឺក្នុងគោលបំណងយកមកជំនួសយន្តហោះចម្បាំងសេរីចាស់ Mirage របស់បារាំង ដែលបានចូលនិវត្តន៍ក្នុងឆ្នាំ២០១៧ ក្រោយចូលបម្រើការអស់រយៈពេល ៤ទសវត្សរ៍។

ថ្លែងក្នុងពិធីទទួលនេះ ប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei បានពិព័រណ៌នាការមកដល់នៃកងយន្តហោះចម្បាំង F-16 ថា ជាការទិញឧបករណ៍យោធាដ៏សំខាន់បំផុតក្នុងពេល ៥០ឆ្នាំ ហើយពួកវាប្រៀបដូចទេវតាចុះមកជួយពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធរបស់អាហ្សង់ទីន។
យោងតាមក្រសួងការពារជាតិអាហ្សង់ទីន, យន្តហោះចម្បាំង F-16 ដ៏ទំនើបរបស់ដាណឺម៉ាក នឹងបង្កើតជាឆ្អឹងខ្នងនៃប្រព័ន្ធការពារដែនអាកាសរបស់អាហ្សង់ទីន។ នេះបើតាម AFP ចុះផ្សាយក្នុងថ្ងៃអាទិត្យ។
បើតាមស្ថានទូតអាមេរិកប្រចាំប្រទេសអាហ្សង់ទីន, ការចែកចាយយន្តហោះចម្បាំង F-16 សរុបចំនួន ២៤គ្រឿង នឹងត្រូវបែងចែកជា ៤កញ្ចប់ ដោយក្នុងមួយកញ្ចប់មានចំនួន ៦គ្រឿង ដែលនឹងបញ្ជូនទៅឱ្យអាហ្សង់ទីនរៀងរាល់ខែធ្នូមួយឆ្នាំម្តង រហូតដល់ឆ្នាំ២០២៨ ទើបបញ្ចប់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
