រុស្ស៊ីជំរុញអាមេរិកជៀសវាងបង្កជម្លោះជាមួយវេណេស៊ុយអេឡា

មូស្គូ ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov នៅថ្ងៃអាទិត្យនិយាយថា ទីក្រុងមូស្គូនឹងគាំទ្ររបបដឹកនាំរបស់វេណេស៊ុយអេឡា ហើយអំពាវនាវឱ្យអាមេរិកជៀសវាងរអិលជើងចូលទៅក្នុងភ្លក់ភ្លើងជម្លោះពេញលេញជាមួយទីក្រុងការ៉ាកាស់ ។

ការចេញមុខបន្ធូរបន្ថយកំដៅរបស់រុស្ស៊ីនេះ ធ្វើឡើងស្របពេលដែលអាមេរិកបង្កើនវត្តមានយោធារបស់ខ្លួននៅសមុទ្រការីប៊ីន ខណៈទីក្រុងមូស្គូក៏មានការព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះភាពតានតឹងនៅតែមានកម្រិតខ្ពស់ និងបន្តកើនឡើង ។

លោក Ryabkov បានសង្កត់ធ្ងន់ថា រុស្ស៊ីនៅតែរក្សាសាមគ្គីភាពយ៉ាងរឹងមាំជាមួយវេណេស៊ុយអេឡា ហើយយើងនឹងគាំទ្រវេណេស៊ុយអេឡា ដូចដែលពួកគេគាំទ្រយើងដែរ ។

បើតាម CNN, នៅពេលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានអ្នកកាសែតសាកសួរថាតើហេតុអ្វីរដ្ឋបាលគាត់ចង់ផ្តួលរំលំរបបដឹកនាំលោក នីកូឡាស់ ម៉ាឌូរ៉ូ និងគំរាមប្រើកម្លាំងយោធាប្រឆាំងវេណេស៊ុយអេឡា លោក ត្រាំ បានឆ្លើយតបយ៉ាងខ្លីវិញថា នោះគឺដោយសារតែបញ្ហាថ្នាំញៀន និងជនអន្តោប្រវេសន៍ ។

ប៉ុន្តែយោងតាម The Guardian, លោកប្រធានាធិបតី ម៉ាឌូរ៉ូ បានអះអាងដោយបើកចំហរថា មូលហេតុចម្បងដែលអាមេរិកចង់វាយវេណេស៊ុយអេឡា គឺក្នុងគោលបំណងដណ្តើមយកប្រេង ពីព្រោះប្រទេសរបស់លោកមានទុនបំរុងប្រេងធំបំផុតនៅលើពិភពលោក ។

ផ្អែកតាមសេចក្តីរាយការណ៍របស់ស៊ីនហួរ, មន្ទីរបញ្ចកោណបានវាយប្រហារយ៉ាងហោចណាស់ចំនួន ២២លើក លើទូកដឹកគ្រឿងញៀនដែលត្រូវបានចោទប្រកាន់នៅតំបន់ការ៉ាប៊ីន និងភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិកចាប់តាំងពីថ្ងៃទី២ ខែកញ្ញា ដោយបានសម្លាប់មនុស្សជាង ៨៧នាក់នៅលើទូកទាំងនោះ ៕

ប្រភព ៖ CNN Guardian និងស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner