សាលារៀនបានបិទទ្វារកើនឡើងជាង៣០០នៅខេត្តចំនួនបួន ក្រោយកងទ័ពថៃវាយប្រហារជាថ្មី

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា នៅវេលាថ្ងៃត្រង់ទី៨ ខែធ្នូ ឆ្នាំ២០២៥ ថា សាលារៀនក្នុងខេត្តជាប់បន្ទាត់​ព្រំដែនកម្ពុជា ថៃ ចំនួន៤​បានបិទទ្វារ ស្មើនឹង៣៧៧សាលា ,គ្រូបង្រៀន ៣.១៩៧នាក់ ប៉ះពាល់សិស្សសរុប ៧៨.៥៨៥នាក់។

សកម្មភាពបើកការវាយប្រហារជាថ្មីពីសំណាក់យោធាថៃមកលើកម្លាំងកង​ទ័ពកម្ពុជាមានតាំងពីរសៀលថ្ងៃទី៧ ខែ​ធ្នូ ។យោធាថៃបានបាញ់មកលើកងទ័ពកម្ពុជាឈរ​ជើង​នៅតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ពីម៉ោងប្រមាណ ១៤:១៥នាទី រហូតដល់ម៉ោងប្រមាណ ១៤:៣២នាទី ហើយថែមទាំងបានចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ខណៈដែលការពិតជាក់ស្តែង គឺកងកម្លាំងរបស់កម្ពុជាពុំបានបាញ់តបតអ្វីឡើយ។

ដោយឡែកនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបន្តបើកការបាញ់ប្រហារសាជាថ្មីមកលើកងកម្លាំងកម្ពុជា ចាប់​ពីវេលាម៉ោងប្រមាណ ០៥:០៤នាទីព្រឹក ការបើកការវាយប្រហារនេះធ្វើឡើង នៅក្នុងតំបន់អានសេះ នៅប្រាសាទតាមាន់ធំ នៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា នៅចំការចេក នៅមុំបី នៅភ្នំខ្មោច នៅគោល៨ នៅប្រាសាទតាក្របី និងនៅប្រាសាទខ្នារ ក្រោយពីភាគីថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាវេលាម៉ោង ២:១៥នាទីរសៀល កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។

សកម្មភាពនេះជំរុញឱ្យប្រជាជនកម្ពុជាត្រូវបានជម្លៀសខ្លួនមកកាន់ទីសុវត្ថិភាព ជាហេតុនៃការបិទទ្វារសាលារៀន​ជាបណ្ដោះ​អាសន្ននៅតំបន់ប្រឈមនឹងហានិភ័យខ្ពស់៕


ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner