ឥណ្ឌូនេស៊ីត្រូវការលុយ ៣ ពាន់លានដុល្លារ ស្តារការខូចខាតក្រោយទឹកជំនន់នៅសូម៉ាត្រា
ហ្សាកាតា ៖ កោះសូម៉ាត្រារបស់ឥណ្ឌូនេស៊ីនឹងត្រូវការលុយ ៣ពាន់លានដុល្លារ ដើម្បីស្តារការខូចខាត និងកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយកើតមានគ្រោះទឹកជំនន់ដ៏មហន្តរាយ នេះបើតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល។
The straits times ចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូថា មូលនិធិសង្គ្រោះបន្ទាន់នេះ នឹងត្រូវយកទៅស្តារការខូចខាតនៅតំបន់ចំនួន៣ នៃខេត្ត Aceh, ភាគខាងជើងកោះសូម៉ាត្រា និងភាគខាងលិចកោះសូម៉ាត្រា ខណៈក្រុមការងារលោកបន្តបូកសរុបការខូចខាត។ នេះបើយោងតាមការបញ្ជាក់របស់លោក Suharyanto ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ី។
លោក Suharyanto បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីដឹកនាំដោយលោកប្រធានាធិបតីឥណ្ឌូនេស៊ី Prabowo Subianto កាលពីថ្ងៃម្សិលមិញថា យោងតាមការវាយតម្លៃ ខេត្ត Aceh ត្រូវការជំនួយសង្គ្រោះច្រើនជាងតំបន់រងគ្រោះដទៃដល់ទៅ ១.៥ពាន់លានដុល្លារ។
រីឯភាគខាងជើងកោះសូម៉ាត្រា និងភាគខាងលិចកោះសូម៉ាត្រា ត្រូវការជំនួយសង្គ្រោះជាង ៧៧១លានដុល្លារ និង ៨០៩លានដុល្លារ ខណៈការសាងសង់ឡើងវិញនឹងចាប់ផ្តើមឆាប់ៗនេះនៅតាមបណ្តាតំបន់មួយចំនួន។
ពាក់ព័ន្ធមូលនិធិសង្គ្រោះនេះ លោកប្រធានាធិបតី Prabowo នៅមិនទាន់សម្រេចអនុម័តនៅឡើយទេ ប៉ុន្តែរូបលោកអះអាងថា នឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីសម្រេចវា។
ផ្អែកតាមប្រភពពី The Star, ស្ថានភាពគ្រោះមហន្តរាយធម្មជាតិនៅឥណ្ឌូនេស៊ី ធ្វើឱ្យប្រជាជនរស់នៅលើកោះស៊ូម៉ាត្រាជួបទុក្ខវេទនាយ៉ាងខ្លាំង ខណៈគិតត្រឹមព្រឹកថ្ងៃអាទិត្យម្សិលមិញ ចំនួនមនុស្សស្លាប់កើនឡើងដល់ ៩០៨នាក់ និង៤១០នាក់បាត់ខ្លួន រីឯអ្នកនៅរស់រានមានជីវិតកំពុងប្រឈមមុខនូវភាពស្រែកឃ្លាន៕






ប្រភព ៖ The straits times និង The star ប្រែសម្រួល ៖ ឈឹម ទីណា