សម្តេច ម៉ែន សំអន ៖ រាជរដ្ឋាភិបាលបានគិតគូរជាប្រចាំចំពោះសុខទុក្ខកងទ័ព
កំពង់ធំ៖ សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន បានរំលេចពីការគិតគូរជាប្រចាំរបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខកងទ័ព និងធ្វើបច្ចុប្បន្នភាពស្ថានភាពការបង្កហេតុដោយកងទ័ពថៃ ចែករំលែកជូនដល់រចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្តកំពង់ធំ។
ពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ចំណុះគណៈកម្មាធិការបក្សប្រជាជនខេត្តកំពង់ធំ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយមានវត្តមានចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធាន អនុប្រធានផ្នែក ចំណុះអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ព្រមទាំងរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្តកំពង់ធំ សរុបប្រមាណ ៤០០ នាក់ចូលរួម។
អង្គពិធីបានស្តាប់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្តកំពង់ធំ រាយការណ៍ អំពីស្ថានភាពទូទៅ និងវឌ្ឍនភាពការងារកសាងបក្ស និងការរៀបចំរចនាសម្ព័ន្ធគណៈចលនាមហាជន ដែលសម្រេចបានរួចមក ។
ក្នុងឱកាសនេះសម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានអំពាវនាវឱ្យគ្រប់រចនាសម្ព័ន្ធទាំងអស់ត្រូវបន្តពង្រឹងសតិអារម្មណ៍មហាជន ឱ្យបន្តជឿជាក់ និងគាំទ្រលើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី មិនឱ្យមានការរំលោភបំពានបានជាដាច់ខាត ៕






អត្ថបទ ៖ ឈឹម សុផល
រូបភាព ៖ ថេត វិចិត្រ